អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី០៦ ខែកុម្ភៈ បានចេញសេចក្តីបំភ្លឺបញ្ជាក់ថា ឈ្មោះ Charlie Tiu Hay Ang ដែលគេស្គាល់ថា Atong Ang ដែលអាជ្ញាធរហ្វីលីពីនតាមប្រមាញ់ចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសជាច្រើនករណីនោះមិនស្ថិតនៅក្នុងប្រទេសកម្ពុជាទេ។
តាមរបាយការណ៍ផ្លូវការរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃកម្ពុជា បញ្ជាក់ថា ទិន្នន័យអំពីការចូលឬចេញរបស់ឈ្មោះ Charlie Tiu Hay Ang មិនមាននៅតាមច្រកព្រំដែនអន្តរជាតិណាមួយរបស់កម្ពុជាឡើយ។ កម្ពុជា តាមរយៈសេចក្តីបំភ្លឺនេះ បានច្រានចោលនូវរបាយការណ៍នាពេលថ្មីៗនេះរបស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលបានលើកឡើងថា ឈ្មោះ Charlie Tiu Hay Ang ប្រហែលជាកំពុងលាក់ខ្លួននៅក្នុងប្រទេសកម្ពុជា ខណៈដែលមន្ត្រីប៉ូលីសហ្វីលីពីនមួយក្រុមត្រូវបានដាក់ពង្រាយ ដើម្បីស្វែងរកចាប់ខ្លួនបុគ្គលរូបនេះ។
សូមជម្រាបថា Atong Ang ជាឧកញ៉ាល្បែងស៊ីសងមួយរូប ត្រូវបានរដ្ឋាភិបាលហ្វីលីពីនចោទប្រកាន់ពីបទចាប់ជំរិតមនុស្សយ៉ាងហោចណាស់ ៣៤នាក់ ដែលជាអ្នកលេងល្បែងជល់មាន់នៅចន្លោះឆ្នាំ២០២១ ដល់ឆ្នាំ២០២២ និងសង្ស័យថា កំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ ឧក្រិដ្ឋជនរូបនេះបានរត់គេចចេញពីប្រទេសជាមួយទឹកប្រាក់ដល់ទៅជាង ១០ពាន់លានប៉េស៊ូក្នុងដៃដែលអាចជួយឱ្យ Atong Ang ឆ្លងដែនគេចពីការតាមចាប់ខ្លួន ខណៈសមត្ថកិច្ចហ្វីលីពីនបានឆែកឆេរទីតាំងសង្ស័យចំនួន១៨កន្លែងនៅក្នុងទឹកដីហ្វីលីពីន។ យ៉ាងណា ហ្វីលីពីនក៏បានបញ្ជូនមន្ត្រីជំនាញរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា ដើម្បីតាមប្រមាញ់ឧកញ៉ាល្បែងឈ្មោះ Atong Ang ផងដែរ៕
ដោយ៖ ង៉ែត ពិសាន្ត

