Skip to main content
Preah Sihanouk Provincial Television
Log in

នាយករដ្ឋមន្រ្តី៖ការការពារទឹកដីនិងប្រជាជនអាចស្មុគស្មាញនិងលំបាកតែរដ្ឋាភិបាលនៅតែប្តេជ្ញាការពារគ្រប់ពេលវេលា

KPS99TVHistorical original · translation unavailable

Summary

Please click this link to get more information

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានពន្យល់ថា ការការពារទឹកដី និងប្រជាជនអាចប្រើរយៈពេលវែង ស្មុគស្មាញ និងលំបាក ប៉ុន្តែរាជរដ្ឋាភិបាលនៅតែប្តេជ្ញាចិត្តក្នុងការការពារទឹកដី និងប្រជាជនគ្រប់ពេលវេលា។ សម្តេចធិបតីថ្លែងដូច្នេះ នៅក្នុង“ពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣” នៅព្រឹកថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

ពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែន សម្តេចធិបតី បានលើកឡើងថា កម្ពុជាមិនចង់ឃើញ និងមិនចង់បាននោះទេ។ ផ្ទុយទៅវិញ កម្ពុជាចង់អភិវឌ្ឍន៍សេដ្ឋកិច្ច និងទំនាក់ទំនងជាមួយប្រទេសជិតខាងនៅតាមតំបន់ព្រំដែន។ ប៉ុន្តែទោះបីជាយ៉ាងណា សភាពការណ៍ដែលកើតឡើងក្នុងពេល ៦ខែនេះ គឺយើងអត់ជម្រើស ហើយអ្វីដែលរដ្ឋាភិបាលធ្វើបានគឺធានាសុវត្ថិភាព និងសេចក្តីសុខឱ្យប្រជាពលរដ្ឋ ដោយមិនទុកពួកគាត់ចោលនៅតំបន់ដែលកំពុងផ្លោងគ្រាប់នោះទេ។

មិនតែប៉ុណ្ណោះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា «យើងមិនចង់ឱ្យស្ថានភាពនោះកើតមាន២៦ ២៧ ២៨ ឡើយ ដោយចង់ឱ្យក្មួយ គឺសាលាខូច ជួសជុលវិញហើយអាចត្រឡប់ទៅរៀនវិញបាន។ ក្មួយកំពុងរៀនមិនត្រូវការរត់ភ័យខ្លាច ដោយសារឮសំឡេងយន្តហោះទម្លាក់គ្រាប់បែក និងកាំភ្លើងធំមកនោះទេ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា៖ «នេះគឺជាគោលដៅរបស់យើងក្នុងការការពារទឹកដី និងការពារប្រជាជនក្នុងពេលជាមួយគ្នា អាចប្រើរយៈពេលវែង អាចស្មុគស្មាញ និងលំបាក ប៉ុន្តែរាជរដ្ឋាភិបាលមិនថា រយៈពេលវែងណា ស្មុគស្មាញយ៉ាងណា រាជរដ្ឋាភិបាលនៅតែប្តេជ្ញាចិត្តក្នុងការការពារទឹកដី និងប្រជាជនគ្រប់ពេលវេលាទាំងអស់»៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…