ទីក្រុង Bohol ប្រទេសហ្វីលីពីន ៖ នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំកិច្ចប្រជុំរួមរវាង គណៈកម្មាធិការការងារអភិវឌ្ឍន៍ទីផ្សារមូលធនអាស៊ាន (WC-CMD) និង វេទិកាទីផ្សារមូលធនអាស៊ាន (ACMF) ជាមួយ គណៈកម្មការមូលបត្រហ្វីលីពីន (PSEC) ដោយមានការសម្របសម្រួលពី វិទ្យាស្ថានហិរញ្ញវត្ថុប្រកបដោយចីរភាពអាស៊ី (SFIA)។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ខណៈដែល ន.ម.ក. និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បំពេញតួនាទីជាសហប្រធាន WC-CMD។
កិច្ចប្រជុំនេះ មានការចូលរួមរួមដឹកនាំដោយលោកស្រី Dawn Chew ប្រធាននាយកដ្ឋានអន្តរជាតិនៃ MAS និងជាសហប្រធាន WC-CMD ព្រមទាំងលោក McJill Bryant Fernandez អគ្គនាយករងនៃ PSEC និងជាប្រធានតំណាង ACMF។
គោលបំណងសំខាន់នៃកិច្ចប្រជុំ គឺដើម្បីធ្វើបច្ចុប្បន្នភាព និងពង្រឹងក្របខ័ណ្ឌការងាររួមរវាង WC-CMD និង ACMF ស្របតាមផែនការយុទ្ធសាស្ត្រសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ឆ្នាំ២០២៦–២០៣០។ ប្រធានបទពិភាក្សាសំខាន់ៗ រួមមាន វឌ្ឍនភាពនៃគម្រោងវត្តិករសាស្ត្រប្រកបដោយចីរភាព និងភាពបៃតង, ស្ថានភាពការងាររបស់ក្រុមការងារហិរញ្ញវត្ថុហេដ្ឋារចនាសម្ព័ន្ធ (IFWG), ក្រុមការងារហិរញ្ញវត្ថុប្រកបដោយចីរភាព (SFWG) និងក្រុមប្រឹក្សាឧស្សាហកម្ម (IAP), ការបង្ហាញព័ត៌មាន និងគំនិតផ្ដួចផ្ដើមសហគមន៍ការធ្វើអន្តរកាលឆ្ពោះទៅភាពបៃតងនៅអាស៊ី (AGXC)។
លើសពីនេះ កិច្ចប្រជុំក៏បានពិភាក្សាអំពីផែនការការងាររួមហិរញ្ញវត្ថុប្រកបដោយចីរភាព ឆ្នាំ២០២៦–២០២៧, កិច្ចសន្ទនាអាស៊ាន–អូស្ត្រាលី ស្តីពីហិរញ្ញវត្ថុប្រកបដោយចីរភាព និងជំនួយបច្ចេកទេសពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលគាំទ្រដល់ការអនុវត្តគំនិតផ្ដួចផ្ដើមសំខាន់ៗក្នុងតំបន់។
កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងសមាជិក WC-CMD និង ACMF មកពី ១១ ប្រទេសអាស៊ាន ព្រមទាំងតំណាងលេខាធិការដ្ឋានអាស៊ាន អាជ្ញាធរសេវាហិរញ្ញវត្ថុជប៉ុន SFIA ក្រុមការងារ IAP និងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ)។
កិច្ចប្រជុំបានបញ្ចប់ដោយជោគជ័យ និងទទួលបានលទ្ធផលជាក់ស្តែង សម្គាល់ពីស្មារតីសហប្រតិបត្តិការរឹងមាំរវាងប្រទេសសមាជិក ក្នុងការជំរុញការអភិវឌ្ឍទីផ្សារមូលធន និងហិរញ្ញវត្ថុប្រកបដោយចីរភាព ស្របតាមផែនការយុទ្ធសាស្ត្រ AEC និងផែនការសកម្មភាព ACMF ឆ្នាំ២០២៦–២០៣០។ ដោយ៖ KPS99TV



