Skip to main content
Preah Sihanouk Provincial Television
Log in

ដើមឈើ២៥៧ដើមបានដាំលម្អតាមដងផ្លូវក្នុងក្រុងព្រះសីហនុ ឯកឧត្តមម៉ាង ស៊ីណេតចុះពិនិត្យផ្ទាល់!

KPS99TVHistorical original · translation unavailable

ដើម្បីលើកកម្ពស់សោភណ្ឌភាពទីក្រុងឱ្យមានភាពស្រស់បំព្រងទាក់ទាញភ្លៀវទេសចរជាតិនិងអន្តរជាតិ អាជ្ញាធរខេត្តព្រះសីហនុបានដាំដើមឈើសរុប២៥៧ដើមលម្អនៅតាមដងផ្លូវសាធារណៈ ក្នុងក្រុងព្រះសីហនុ ពោលគឺនៅតាមកំណាត់ផ្លូវលេខ២០០ (ផ្លូវ ៧មករា) និងផ្លូវលេខ៨០០ (វិថីមិត្តភាព)។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារអមដោយលោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត និងលោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ ចុះសួរសុខទុក្ខអាជីវករលក់ដូរ និងពិនិត្យការដាំដើមឈើនៅតាមដងផ្លូវសាធារណៈ ស្ថិតក្នុងសង្កាត់លេខ៤ និងសង្កាត់លេខ២ ក្រុងព្រះសីហនុ។

តាមរបាយការណ៍ដែលទទួលបាននៅរសៀលនោះ ស្តីពីលទ្ធផលដាំដើមឈើលម្អតាមដងផ្លូវសាធារណៈក្នុងក្រុងព្រះសីហនុ បានបង្ហាញឱ្យដឹងថា ក្រុមការងារដឹកនាំដោយលោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត គ្រោងនឹងបន្តដាំដើមក្ងោកនៅតាមផ្លូវលេខ ៨០០ចំនួន ៦០០ដើមបន្ថែម ខណៈបច្ចុប្បន្នក្រុមការងារកំពុងបន្តជីករណ្តៅរៀបចំដាក់ជីដើម្បីដាំដើមក្ងោក៧០ដើម និងដាំជួសដើមត្របែកព្រៃដែលងាប់ចំនួន ២៤ដើម។

ក្នុងរបាយការណ៍ដដែល បានបង្ហាញលម្អិតថា នៅកំណាត់ផ្លូវលេខ២០០ (ផ្លូវ ៧មករា) គ្រោងដាំប្រភេទដើមត្របែកព្រៃចំនួន ១៨៧ដើម ពីចំណុចភ្លើងស្តុបមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុឆ្ពោះទៅផ្សារលើទល់និងផ្លូវលេខ៨០០។ គិតត្រឹមថ្ងៃទី១២ ខែកុម្ភៈ ក្រុមការងារដាំបាន ១៥១ដើម ក្នុងនោះបានធ្វើជន្ទុលដែក និងចាក់ខឿនជុំវិញគល់ឈើចំនួន ១០៩ដើម។

ចំណែក នៅតាមផ្លូវលេខ៨០០ (វិថីមិត្តភាព) គ្រោងដាំប្រភេទដើមក្ងោកចំនួន៨០០ដើម ពីចំណុចកែងស្តុបផ្សារលើឆ្ពោះទៅអូរ១-អូរ៥ ដល់កែងស្តុបផ្លូវលេខ៣០០ ខណៈគិតត្រឹមថ្ងៃទី១២ ខែកុម្ភៈ ក្រុមការងារដាំដើមក្ងោកបាន១០៦ដើម។ លោក សាមុត សុធារិទ្ធ ស្នើឱ្យអាជ្ញាធរក្រុង-សង្កាត់ និងប្រជាពលរដ្ឋចូលរួមថែទាំ និងស្រោតទឹកដើមឈើដែលបានដាំរួចឱ្យស្រស់បំព្រង ដើម្បីបង្កើនភាពបៃតងតាមដងផ្លូវក្នុងទីក្រុង។

ការដាំដើមឈើនៅតាមដងផ្លូវសាធារណៈនេះ គឺធ្វើឡើងតាមយុទ្ធនាការចលនាប្រជាពលរដ្ឋមួយខ្នងផ្ទះដាំដើមឈើដើមសម្រាប់លម្អទីក្រុង។ ក្នុងនោះ ក៏មានការគាំទ្រឧបត្ថម្ភថវិកាពីសប្បុរសជនសម្រាប់ទិញដើមឈើដាំលម្អតាមដងផ្លូវសាធារណៈផងដែរ៕

អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ ទាវ វិឆាត

Comments

Loading comments…