ខេត្តព្រះសីហនុ៖ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ បានបង្ហាញការគាំទ្រចំពោះការចេញអាជ្ញាបណ្ណអគ្គិសនីជូនក្រុមហ៊ុន ISI ក្នុងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីជំរុញការវិនិយោគក្នុងខេត្ត។
ការលើកឡើងនេះ បានធ្វើឡើងក្នុងឱកាសដែលលោកអភិបាលរងខេត្ត ដឹកនាំកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់លើសំណើសុំអាជ្ញាបណ្ណសេវាកម្មអគ្គិសនីរបស់ក្រុមហ៊ុន អាយ អេស អាយ យូធីលីធី ឯ.ក (ISI Utility Co., Ltd) ដើម្បីផ្គត់ផ្គង់ថាមពលក្នុងតំបន់សេដ្ឋកិច្ចពិសេស ISI ដែលមានទីតាំងស្ថិតនៅឃុំជើងគោ ស្រុកព្រៃនប់ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោក សោ លីម ប្រធានអគ្គិសនីកម្ពុជាខេត្តព្រះសីហនុ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងនេះ។ លោកបានបញ្ជាក់ថា ការផ្តល់អាជ្ញាបណ្ណចែកចាយអគ្គិសនី គឺជាកត្តាជំរុញដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចខេត្តព្រះសីហនុឱ្យកាន់តែរីកចម្រើន ព្រមទាំងបង្កើតឱកាសការងារជាច្រើនជូនប្រជាពលរដ្ឋក្នុងតំបន់។
ជាមួយគ្នានេះដែរ លោកអភិបាលរងស្រុកព្រៃនប់ ក៏បានសម្ដែងសេចក្តីត្រេកអរ ដោយយល់ឃើញថា ការពង្រីកបណ្ដាញអគ្គិសនីនេះ នឹងជួយឱ្យការចែកចាយថាមពលក្នុងតំបន់កាន់តែមានភាពងាយស្រួល មានស្ថិរភាព និងមានប្រសិទ្ធភាពខ្ពស់។
ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបញ្ចៀសផលប៉ះពាល់នានា អង្គប្រជុំបានផ្តោតការយកចិត្តទុកដាក់លើចំណុចបច្ចេកទេសសំខាន់ៗចំនួន ២ រួមមាន៖
១. ការរៀបចំប្លង់ប្រព័ន្ធ ការកំណត់គម្លាតនៃការដាំបង្គោល និងការរត់ខ្សែភ្លើង ត្រូវអនុលោមតាមស្តង់ដារបច្ចេកទេសឱ្យបានច្បាស់លាស់។
២. សុវត្ថិភាពចិញ្ចើមផ្លូវ ត្រូវរក្សាគម្លាតសុវត្ថិភាពពីចិញ្ចើមផ្លូវ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការស្ថាបនា ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នាពេលអនាគត។
ជាលទ្ធផល អង្គប្រជុំបានសម្រេចឯកភាពទាំងស្រុង គាំទ្រឱ្យចេញអាជ្ញាបណ្ណដល់ក្រុមហ៊ុន ISI Utility Co., Ltd ដើម្បីដំណើរការសេវាកម្មអគ្គិសនីក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួន ដោយត្រូវស្ថិតក្រោមការត្រួតពិនិត្យបច្ចេកទេសយ៉ាងម៉ឺងម៉ាត់ពីមន្ទីរជំនាញអគ្គិសនីខេត្តផងដែរ។
ដោយ៖ ប៉ៃ សុឃីម





