Skip to main content
Preah Sihanouk Provincial Television
Log in

ម្ចាស់អាជីវកម្មស្ថានីយ៍ប្រេងឥន្ធនៈ និងប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការត្រួតពិនិត្យ និងបង្ការទប់ស្កាត់គ្រោះអគ្គិភ័យ

KPS99TVHistorical original · translation unavailable

ដើម្បីបង្ការ និងទប់ស្កាត់គ្រោះអគ្គិភ័យដែលអាចកើតមានឡើងជាយថាហេតុ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយទទួលបានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង កម្លាំងជំនាញការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងនគរបាលតាមបណ្ដាអធិការដ្ឋានក្រុង–ស្រុកទាំង ១៣ បានបន្តចុះផ្សព្វផ្សាយ អប់រំ និងណែនាំដល់អាជីវករ ដែលមានស្ថានីយ៍ប្រេងឥន្ធនៈ និងបងប្អូនប្រជាពលរដ្ឋ ឲ្យយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការត្រួតពិនិត្យ និងបង្ការហានិភ័យអគ្គិភ័យ។

ជាពិសេស ត្រូវត្រៀមបម្រុងជានិច្ចនូវសម្ភារៈ និងឧបករណ៍ប្រើប្រាស់មួយចំនួន ដូចជា បំពង់ពន្លត់អគ្គិភ័យ ទុយោទឹក និងរៀបចំកន្លែងផ្ទុកសម្ភារៈឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស នៅគ្រប់ស្ថានីយ៍ចាក់ប្រេងឥន្ធនៈទាំងអស់។

ទន្ទឹមនឹងនេះ កម្លាំងនគរបាលក៏បានចុះសួរសុខទុក្ខប្រជាពលរដ្ឋជាប្រចាំក្នុងមូលដ្ឋាន ដើម្បីសាកសួរអំពីបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ និងបទល្មើសផ្សេងៗដែលអាចកើតមាន។

ក្នុងនោះផងដែរ ដើម្បីឆ្លើយតបរាល់សំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋ មន្ត្រីនគរបាលខេត្តព្រៃវែង ក៏បានបន្តផ្សព្វផ្សាយ និងជំរុញលើកទឹកចិត្តឲ្យប្រជាពលរដ្ឋមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាគ្រោះអគ្គិភ័យ ជាពិសេសក្នុងរដូវក្ដៅនេះ ត្រូវត្រួតពិនិត្យជាប្រចាំលើឧបករណ៍ និងសម្ភារៈផ្សេងៗ ដែលអាចបង្កហានិភ័យឆាបឆេះដោយប្រការណាមួយ។

ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…