យោងតាមលោក ហេង គីមហៀង ស្វាមីលោកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya បានចេញសារប្រកាសប្រាប់មហាជនខ្មែរទូទាំងប្រទេសទាំងដៃអោបកូនទាំងពីរទ្រហូរយំ បន្ទាប់ពីភរិយាត្រូវបានតុលាការសម្រេចដោះលែង ដោយសារកំពុងមានកូនភ្លោះក្នុងនៅផ្ទៃ។ លោកសរសេរថា “ខ្ញុំបាទសូមគោរពអរគុណប្រមុខថ្នាក់ដឹកនាំខ្លាំងណាស់ ម៉ាក់ផាយុមានសេរីភាពវិញហើយ”។
សូមជម្រាបថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ លោកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានសាលាដំបូងខេត្តកណ្ដាល ចោទពីបទញុះញង់ឱ្យមានការរើសអើង និងធ្វើឱ្យខូចទឹកចិត្តកងទ័ព កាលពីថ្ងៃទី០៦ និងទី១៣ ខែសីហាកន្លងទៅ បន្ទាប់ពីរូបគេបានប្រើប្រាស់ពាក្យសម្ដីនៅលើបណ្ដាញសង្គម អំពីបញ្ហាព្រំដែនកម្ពុជា–ថៃ និងការប្រើប្រាស់ផលិតផលថៃ ដែលបង្កឱ្យសាធាណជន អ្នកនិយមលេងបណ្ដាញសង្គមបង្ហាញការមិនពេញចិត្ត និងរិះគន់ជាខ្លាំង។ បន្ទាប់មក កម្លាំងនគរបានខេត្តកណ្ដាលបានចុះឃាត់ខ្លួនតែម្តង។ ពេលនោះ Love Riya ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តកណ្ដាល ដើម្បីបន្តកិច្ចស៊ើបសួរតាមនិតិវិធីច្បាប់៕
ដោយ៖ ង៉ែត ពិសាន្ត





