Skip to main content
Preah Sihanouk Provincial Television
Log in

រដ្ឋបាលខេត្តព្រះសីហនុ រីករាយ និងគាំទ្រក្នុងកិច្ចសហការ ជួយសម្របសម្រួលគ្រប់បែបយ៉ាង និងរក្សាសន្តិសុខ ដល់អ្នកវិនិយោគមកបណ្ដាក់ទុននៅក្នុងខេត្ត

KPS99TVHistorical original · translation unavailable

ខេត្តព្រះសីហនុ៖ បើកកិច្ចប្រជុំស្តីពីការប្រមូលទិន្នន័យបឋម សម្រាប់ការសិក្សាផលប៉ះពាល់ផ្នែកបរិស្ថាន និងសង្គម របស់គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម នាថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ពិធីនេះ មានការចូលរួមពីលោកជំទាវ សន សុភាវត្តី អគ្គនាយកភស្តុភារកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូន លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ព្រមទាំងអនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលរងក្រុង និងសង្កាត់ផងដែរ។

លោកជំទាវបានលើកឡើងថា កិច្ចប្រជុំនៅពេលនេះ គឺដើម្បីពិនិត្យទិន្នន័យសិក្សាផលប៉ះពាល់ផ្នែកបរិស្ថាន និងសង្គម របស់គម្រោងអភិវឌ្ឍន៍ភស្តុភារកម្ម នៅក្នុងសង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានគិតគូរ និងសិក្សាតាំងពីឆ្នាំ ២០១៨ រហូតដល់ឆ្នាំ ២០២៣ ទើបមានការចុះកិច្ចព្រមព្រៀងសេវាកម្មហិរញ្ញវត្ថុ ជាមួយសាខាធនាគារពិភពលោក (World Bank) ដែលមានធាតុផ្សំជាច្រើន ហើយសំខាន់គឺផ្នែកបរិស្ថាន និងសង្គម។

ក្នុងនោះ មានការសិក្សាអំពីសំឡេង ខ្យល់ ទឹក ភ្លើង និងជម្រកសត្វធម្មជាតិ ដើម្បីយកទៅពិនិត្យក្នុងការអភិវឌ្ឍគម្រោងនៅតំបន់នោះ។ ការសិក្សានេះ អនុលោមតាមស្តង់ដារអន្តរជាតិ ដោយផ្នែកបរិស្ថាន និងសង្គម ត្រូវសិក្សាឱ្យបានច្បាស់លាស់ មុននឹងអភិវឌ្ឍគម្រោងណាមួយ។

លោកជំទាវបានបញ្ជាក់ថា គោលបំណងនៃការបង្កើតមជ្ឈមណ្ឌលភស្តុភារកម្ម គឺជាកន្លែងទុកដាក់ទូកុងតឺន័រ ដែលមាន ៤ ចំណុចសំខាន់៖ ទី១ ជាកន្លែងសំចត និងលើកដាក់ទូកុងតឺន័រ តាមលំដាប់លំដោយ ដើម្បីកុំឱ្យមានការកកស្ទះ, ទី២ សេវាលើកដាក់, ទី៣ ឃ្លាំងស្តុក, ទី៤ កន្លែងទុកដាក់សំបកទូកុងតឺន័រ និងមានសេវាតូចៗជាច្រើនទៀត។

ទីតាំងគ្រោងអភិវឌ្ឍន៍នាពេលខាងមុខនេះ គឺសម្រាប់បំពេញបន្ថែមទៅដល់កំណើននៃការអភិវឌ្ឍរបស់កំពង់ផែក្រុងព្រះសីហនុ និងកាត់បន្ថយការកកស្ទះ។ ទីតាំងនេះ មានហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយផ្លូវជាតិលេខ ៤ មានចម្ងាយ ២៥ គីឡូម៉ែត្រ ពីកំពង់ផែ ជាដីរបស់រដ្ឋ មានផ្ទៃដីជាង ៥១ ហិចតា។

បន្ទាប់ពីកិច្ចប្រជុំពិភាក្សាដោយយកចិត្តទុកដាក់អំពីផលប៉ះពាល់ផ្នែកបរិស្ថាន និងសង្គម ក្នុងឱកាសនោះ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានគាំទ្រគម្រោងវិនិយោគនេះ លើទំហំផ្ទៃដីប្រមាណជាង ៥១ ហិចតា ដែលបានសិក្សាអំពីផលប៉ះពាល់បរិស្ថាន និងសង្គម ស្ថិតនៅក្នុងក្របខណ្ឌទាក់ទាញអ្នកវិនិយោគ។ ខេត្តព្រះសីហនុ គឺជាខេត្តកំពុងទាក់ទាញអ្នកវិនិយោគ ដោយមានការគាំទ្រជាពិសេសពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំរុញការវិនិយោគជាពិសេស ចាប់ពីឆ្នាំ ២០២៤ រហូតដល់ឆ្នាំ ២០២៦ និងបន្តរហូតដល់ចុងឆ្នាំ ២០២៧ ខាងមុខ ក្នុងការទាក់ទាញអ្នកវិនិយោគមកអភិវឌ្ឍន៍នៅក្នុងខេត្តព្រះសីហនុ។

ខេត្តព្រះសីហនុ ក៏កំពុងត្រៀមតម្រង់ទិសឆ្ពោះទៅបង្កើតជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងមួយទៀត។ ចំពោះការងារដឹកជញ្ជូនរបស់កំពង់ផែ គឺជាការងារធំមួយនៃការអភិវឌ្ឍប្រទេស ក៏ដូចជាខេត្តព្រះសីហនុផងដែរ។ ដូចនេះ ក្នុងនាមរដ្ឋបាលខេត្ត រីករាយ និងគាំទ្រ ក្នុងកិច្ចសហការ ជួយសម្របសម្រួលគ្រប់បែបយ៉ាង និងរក្សាសន្តិសុខ ដល់អ្នកវិនិយោគមកបណ្ដាក់ទុននៅក្នុងខេត្តព្រះសីហនុផងដែរ៕

អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ កែវ ដារ៉ា

Comments

Loading comments…