Skip to main content
Preah Sihanouk Provincial Television
Log in

ប្រទេសមហាអំណាច៣នៅអឺរ៉ុបត្រៀមព្រួតដៃវាយអ៊ីរ៉ង់ដែរ

KPS99TVHistorical original · translation unavailable

អង់គ្លេស បារាំង និងអាល្លឺម៉ង់ ដែលជាប្រទេសមហាអំណាច៣នៅអឺរ៉ុប បានព្រមានព្រមគ្នាថា ពួកគេនឹងលូកដៃចូលរួមវាយប្រទេសអ៊ីរ៉ង់ដែរ ដោយសារតែទីក្រុងតេហេរ៉ង់ធ្វើសកម្មភាពដោយមិនញញើត។

BBC បានចុះផ្សាយកាលពីថ្ងៃអាទិត្យម្សិលមិញថា ប្រទេសទាំង៣បានចេញសេចក្តីថ្លែងការណ៍រួម ដោយថ្កោលទោសអ៊ីរ៉ង់ចំពោះការវាយប្រហារមីស៊ីលមិនរើសមុខនិងហួសហេតុលើអ្នកជិតខាងខ្លួន។

នាយករដ្ឋមន្ត្រីអង់គ្លេស គេ ស្តាមើ (Keir Starmer), ប្រធានាធិបតីបារាំង អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) និងអធិការបតីអាល្លឺម៉ង់ ហ្រី្វឌ្រីច មើស៍ (Friedrich Merz) បានអំពាវនាវទីក្រុងតេហេរ៉ង់ឱ្យបញ្ឈប់ការវាយប្រហារជាបន្ទាន់ ហើយមេដឹកនាំទាំង៣ បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការចាំបាច់នានា ដើម្បីការពារផលប្រយោជន៍របស់ពួកគេនៅក្នុងមជ្ឈិមបូព៌ា។

ពួកគេថ្លែងថា៖ «យើងនឹងចាត់វិធានការដើម្បីការពារផលប្រយោជន៍របស់យើង ក៏ដូចជាផលប្រយោជន៍របស់សម្ព័ន្ធមិត្តយើងនៅក្នុងតំបន់ ដែលអាចរួមមានទាំងការអនុញ្ញាតឲ្យមានសកម្មភាពការពារខ្លួនចាំបាច់និងសមស្រប ដើម្បីកម្ទេចសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការបាញ់មីស៊ីល និងដ្រូន ផងដែរ»។

សូមជម្រាបថា ជម្លោះនៅតំបន់មជ្ឍិមបូព៌ាបានងើបឡើងវិញសារជាថ្មីម្តងទៀត បន្ទាប់ពីអាម៉េរិករួមដៃជាមួយអ៊ីស្រាអែលបើកការវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភ: ក្រោយកិច្ចចរចាលើកម្មវិធីនុយក្លេអ៊ែរត្រូវបានបរាជ័យ។ ជម្លោះនេះបណ្ដាលឱ្យអ៊ីរ៉ង់បាញ់តបតលើអ៊ីស្រាអែល និងលើមូលដ្ឋានយោធាអាម៉េរិកជាច្រើនកន្លែងដូចជា នៅបារ៉ែន កាតា គូវ៉ែត ហ្សកដានី អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…