ក្រសួងបរិស្ថានបានចាត់វិធានការពិន័យអន្ដរការណ៍លើក្រុមហ៊ុន Guo Binfen (Cambodia) Food Co., Ltd. ឱ្យបញ្ឈប់ការបង្ហូរសំណល់រាវពីផ្នែកផលិតកម្មទៅស្តុកក្នុងស្រះដី ដែលស្ថិតនៅក្រៅបរិវេណទីតាំងក្រុមហ៊ុន ដើម្បីជៀសវាងបង្កប៉ះពាល់ដល់បរិស្ថាន (ប្រភពទឹកក្រោមដី និងក្លិនស្អុយ) និងដីស្រែប្រជាពលរដ្ឋ។
ការចាត់វិធានការពិន័យបែបនេះ ដោយសារក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដឹកនាំដោយលោក ចាប យុធី អនុប្រធាននាយកដ្ឋាន បានរកឃើញក្រុមហ៊ុន Guo Binfen (Cambodia) Food Co., Ltd. ស្ថិតនៅភូមិក្រាំងតាតន់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានល្មើសនឹងច្បាប់បរិស្ថាន និងបង្កផលប៉ះពាល់ដល់បរិស្ថាននិងការរស់នៅរបស់ប្រជាពលរដ្ឋ។
ក្រុមការងាររកឃើញការរៀបចំប្រព័ន្ធបង្ហូរសំណល់រាវ ដើម្បីចូលទៅក្នុងអាងប្រព្រឹត្តិកម្ម មានលក្ខណៈប្រាស់ចាកពីក្នុងរបាយការណ៍ EIA ដំបូង ជាហេតុបង្កឱ្យមានការបញ្ចេញក្លិនស្អុយ (ជូរផ្អូម)។ ម៉្យាងទៀត ដំណើរប្រតិបត្តិការអាងសម្អាតពុំអនុលោមតាមគោលកាណ៍បច្ចេកទេស ចំណែកសមត្ថភាពអាងសម្អាត មានលក្ខណៈមិនឆ្លើយតបនឹងបរិមាណសំណល់រាវដែលបង្កើតជាក់ស្តែង នាំឱ្យល្មើសនឹងមាត្រា២៨៧ នៃក្រមបរិស្ថាន និងគ្មានលិខិតអនុញ្ញាតបញ្ចេញសំណល់ល្មើសនឹងមាត្រា ១៧៣ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។ កន្លងមកនេះ ក្រុមហ៊ុនបានបញ្ចេញសំណល់រាវលើសស្តង់ដារល្មើសនឹងមាត្រា ១៥៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។
ដូច្នេះក្រសួងបរិស្ថានបានចាត់វិធានការតម្រូវឱ្យពិនិត្យ និងរៀបចំកែសម្រួលអាងប្រព្រឹត្តិកម្មសំណល់រាវឡើងវិញ ដើម្បីឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសម្អាតសំណល់រាវ ឆ្លើយតបនឹងស្តង់ដារ ថែមទាំងត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់ និងរបាយការណ៍បញ្ជាក់គុណភាពខ្យល់ក្នុងអគារទៀតផង៕
ដោយ៖ ង៉ែត ពិសាន្ត






