គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បានជ្រើសយកក្រុងព្រៃវែងនៃខេត្តព្រៃវែង ជាទីតាំងប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅឆ្នាំ២០២៦នេះ ដែលគ្រោងរៀបចំរយៈពេល ៤ថ្ងៃ គឺចាប់ ពីថ្ងៃទី២ ទី៣ និងទី៤ ខែឧសភា ជាថ្ងៃប្រារព្ធហោមពិធី និងពិធីតាមរោងមណ្ឌលជាភារកិច្ចរបស់ក្រុមបារគូ ឯថ្ងៃទី៥វិញ គឺជាថ្ងៃប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លជាផ្លូវការ។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាព្រះរាជប្បវេណីដ៏មានសារសំខាន់ ក្នុងបណ្ដាព្រះរាជពិធីបុណ្យទ្វាទសមាសប្រចាំឆ្នាំ ដោយចាត់ទុកជាវប្បមង្គលមួយដ៏ប្រសើររបស់ប្រជារាស្ត្រខ្មែរ ដែលព្រះមហាក្សត្រ គ្រប់ព្រះអង្គតែងដឹកនាំប្រារព្ធធ្វើពុំដែលខកខានតាំងពីបុរាណកាលរៀងមក។
ជាក់ស្ដែងកាលពីសម័យសង្គមរាស្ត្រនិយម ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ” កាលព្រះអង្គមានព្រះជន្មគង់នៅ និង សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គសព្វព្រះរាជហឫទ័យយាងច្រត់ដោយផ្ទាល់ព្រះអង្គ នៅតាមបណ្តារាជធានី-ខេត្តមួយចំនួនដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម ស្វាយរៀង សៀមរាប កំពង់ស្ពឺ និងខេត្តតាកែវជាដើម។
ចំណេរកាលក្រោយមក ព្រះមហាក្សត្រ ស្តេចពុំបានយាងច្រត់ព្រះនង្គ័ល ដោយផ្ទាល់ព្រះអង្គឡើយ ព្រះអង្គតែងចាត់ព្រះរាជតំណាងយាងច្រត់ជំនួស តែព្រះអង្គសេ្តចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីនេះវិញ។ សូមជម្រាបថា ព្រះរាជពិធីនេះ ប្រព្រឹត្តឡើងដើម្បីជាមង្គលឧទ្ទិសដល់ការចាប់ផ្តើមរដូវធ្វើស្រែចម្ការរបស់ប្រជាកសិករ និងបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ឱ្យបង្អុរទឹកភ្លៀងបរិបូណ៌តាមរដូវកាល បម្រើឱ្យវិស័យកសិកម្មគ្រប់ប្រភេទ ទទួលបានភោគផលខ្ពស់៕
ដោយ៖ ង៉ែត ពិសាន្ត




