Skip to main content
Preah Sihanouk Provincial Television
Log in

កម្ពុជានាំចេញត្បូងទៅឥណ្ឌា ប្រមាណ១០០លានដុល្លារ

Historical original · translation unavailable

(ភ្នំពេញ)៖ ៣ឆ្នាំចុងក្រោយនេះ ពោលចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ កម្ពុជាបាននាំចេញត្បូងទៅឥណ្ឌា ប្រមាណ១០០លានដុល្លារ ខណៈនាំចូលពីឥណ្ឌា ជាគ្រឿងអលង្ការ ប្រមាណ១៥០លានដុល្លារ។ នេះបើតាមបញ្ជាក់ឲ្យដឹងពីលោកស្រី ញ៉ែត ស្រីអូន ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រី ញ៉ែត ស្រីអូន អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខា រវាងសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា និងសមាគមសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។

លោកស្រី ញ៉ែត ស្រីអូន បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះទំហំពាណិជ្ជកម្មគ្រឿងអលង្ការ និងត្បូងមានតម្លៃរវាង កម្ពុជា-ឥណ្ឌា ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ ក្នុងនោះ កម្ពុជានាំចេញទៅឥណ្ឌា ជាប្រភេទត្បូង ប្រហែល៥០ ទៅ១០០លានដុល្លារ ខណៈឥណ្ឌានាំចូលមកកម្ពុជា ជាគ្រឿងអលង្ការ ប្រហែល១០០ ទៅ១៥០លានដុល្លារ»។

លោកស្រីបន្តថា កំណើនទាំងនេះគឺសបញ្ជាក់ឲ្យឃើញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងពាណិជ្ជកម្ម នៃប្រទេសទាំងពីរ កាន់តែរីកចម្រើន និងរឹងមាំ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រី ញ៉ែត ស្រីអូន បានប្រកាសថាសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា នឹងរៀបចំពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា អន្តរជាតិ លើកទី១៧ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៤-១៧ ឧសភា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

Comments

Loading comments…