Skip to main content
Preah Sihanouk Provincial Television
Log in

វារីអគ្គិសនីសេសានក្រោមពីរ មានសមត្ថភាពផលិតថាមពលរហូតដល់ ៤០០ មេហ្គាវ៉ាត់ ដែលជាធំបំផុតក្នុងប្រទេសកម្ពុជា

KPS99TVHistorical original · translation unavailable

ទំនប់វារីអគ្គិសនីសេសានក្រោមពីរ ក្រៅពីមានសមត្ថភាពផលិតអគ្គិសនីធំបំផុតនៅក្នុងប្រទេសកម្ពុជា ត្រូវបានគេផ្តល់ចំណាត់ថ្នាក់ថា ជាប្រភពវារីអគ្គិសនីដែលមានខ្នងទំនប់វែងជាងគេបំផុតក្នុងតំបន់អាស៊ី ដោយមានប្រវែងរហូតដល់ ៦.៥ គីឡូម៉ែត្រ។

នេះបើយោងតាមការឱ្យដឹងពីមន្ត្រីអ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង ដែលបានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងដំណើរទស្សនកិច្ចទៅកាន់ទំនប់វារីអគ្គិសនីសេសានក្រោម ២ នៅខេត្តស្ទឹងត្រែង។ ទំនប់នេះបានដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០១៨ ហើយត្រូវបានចាត់ទុកថាជាប្រភពថាមពលអគ្គិសនីដ៏មានសារៈសំខាន់មួយរបស់ប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ទំនប់វារីអគ្គិសនីសេសានក្រោមពីរ មានសមត្ថភាពផលិតថាមពលរហូតដល់ ៤០០ មេហ្គាវ៉ាត់ ដែលជាធំបំផុតក្នុងប្រទេសកម្ពុជា ដោយប្រើប្រាស់តួប៊ីនចំនួន ៨ គ្រឿង ដែលមួយគ្រឿងមានកម្លាំង ៥០ មេហ្គាវ៉ាត់។

ថាមពលអគ្គិសនីដែលផលិតបានពីទំនប់នេះ ត្រូវបានលក់ឱ្យអគ្គិសនីកម្ពុជា (EDC) តាមរយៈប្រព័ន្ធខ្សែបញ្ជូនទៅកាន់រាជធានីភ្នំពេញ ខេត្តរតនគិរី និងបណ្តាខេត្តធំៗមួយចំនួនទៀត។ គម្រោងវារីអគ្គិសនីសេសានក្រោម ២ បានរួមចំណែកយ៉ាងសំខាន់ដល់ស្ថេរភាពថាមពល និងការលើកកម្ពស់ជីវិតបៃតង តាមរយៈការប្រើប្រាស់ថាមពលកកើតឡើងវិញ៕

ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…