Skip to main content
Preah Sihanouk Provincial Television
Log in

ជប៉ុនបន្ថែមថវិកាជំនួយដល់គម្រោងទឹកស្អាតនៅតាខ្មៅ កើនដល់ជាង២៣លានដុល្លារ ដើម្បីកែលម្អសេវាសាធារណៈជូនប្រជាពលរដ្ឋ

KPS99TVHistorical original · translation unavailable

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និង ជប៉ុន បានចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការកែសម្រួលហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្រុងតាខ្មៅ ដោយបង្កើនថវិកាសរុបដល់ប្រមាណ ២៣លានដុល្លារអាម៉េរិក។

ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមពីឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

តាមខ្លឹមសារលិខិតប្ដូរសារ ថវិកាហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងនេះ ត្រូវបានកែសម្រួលពីចំនួន ៣.៤២១ លានយ៉េន (ប្រមាណ ២២លានដុល្លារអាម៉េរិក) ទៅ ៣.៥៦៨ លានយ៉េន (ប្រមាណ ២៣លានដុល្លារអាម៉េរិក) ដើម្បីគាំទ្រការអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាពកាន់តែខ្ពស់។

គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ មានគោលបំណងធានាឱ្យប្រជាពលរដ្ឋនៅក្រុងតាខ្មៅ ទទួលបានទឹកស្អាតប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងមានគុណភាព ខណៈដែលការកើនឡើងនៃប្រជាជន និងតម្រូវការប្រើប្រាស់ទឹកកំពុងបន្តកើនឡើង។

មន្ត្រីពាក់ព័ន្ធបានបញ្ជាក់ថា ការកែសម្រួលថវិកានេះ នឹងជួយបង្កើនសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត កែលម្អសុខុមាលភាពសាធារណៈ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅតំបន់ជុំវិញ។

កិច្ចសហប្រតិបត្តិការនេះ បង្ហាញពីការបន្តគាំទ្រយ៉ាងរឹងមាំរបស់ជប៉ុនចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅកម្ពុជា និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។

ដោយ៖ KPS99TV

Comments

Loading comments…