Skip to main content
Preah Sihanouk Provincial Television
Log in

ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុថាការបង្ការជំងឺឆ្លងនិងជំងឺមិនឆ្លងបន្តមានភាពប្រសើរឡើងក្នុងឆ្នាំ២០២៥

KPS99TVHistorical original · translation unavailable

លោកជំទាវឱសថការី លឹម សាមាន លើកឡើងថា ក្នុងឆ្នាំ២០២៥ ការបង្ការ គ្រប់គ្រងជំងឺឆ្លងនិងជំងឺមិនឆ្លង បានបន្តមានភាពប្រសើរឡើង ខណៈការថែទាំ និងព្យាបាលត្រូវបានអនុវត្តតាមគោលការណ៍ណែនាំបច្ចេកទេស (Clinical Guidelines) និងស្តង់ដារសុខាភិបាលជាតិ។ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុរូបនេះលើកឡើងដូច្នេះនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលខេត្តព្រះសីហនុឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ កាលពីថ្ងៃទី២៦ ខែមីនា។

លោកជំទាវឱសថការី បញ្ជាក់ថា ការបង្ការ និងគ្រប់គ្រង់ជំងឺឆ្លង បានបន្តធ្វើឱ្យប្រសើរឡើងនូវលទ្ធផលព្យាបាល ក្នុងនោះអ្នកផ្ទុកមេរោគអេដស៍ជិត១០០ភាគរយទទួលបានឱសថពន្យាជីវិត ហើយ ៩៥ភាគរយនៃអ្នកព្យាបាលមានកម្រិតមេរោគក្នុងឈាមទាបបំផុតដែលមិនអាចចម្លងបាន។ ចំពោះជំងឺរបេង អត្រាព្យាបាលជោគជ័យសម្រេចបានជិត ៩៩ភាគរយ ហើយអ្វីដែលជាមោទនភាពបំផុតនោះគឺការសម្រេចបានគោលដៅ «គ្មានករណីស្លាប់» ដោយសារជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាមនៅទូទាំងខេត្តសម្រាប់ឆ្នាំ២០២៥។

ពាក់ព័ន្ធនឹងជំងឺមិនឆ្លង ដែលជាបញ្ហាប្រឈមថ្មី និងរ៉ាំរ៉ៃ ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ដែរ រួមមានជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែម។ បើតាមលោកជំទាវប្រធានមន្ទីរ បញ្ជាក់បន្ថែមថា បច្ចុប្បន្ន ក្រុមការងារបានពង្រីកសេវាពិនិត្យ និងព្យាបាលដោយសម្រេចបានចន្លោះពី១៦ទៅ២០ភាគរយនៃក្រុមគោលដៅដែលមានអាយុលើសពី ៤០ឆ្នាំ។ តួលេខនេះជាជំហានចាប់ផ្តើមដំបូងប៉ុណ្ណោះ ខណៈលោកជំទាវពន្យល់ថា ការស្វែងរកករណីជំងឺឱ្យបានទាន់ពេលវេលា ដើម្បីបង្ការពិការភាព និងមរណភាពមុនអាយុគឺជាការងារចាប់ផ្តើមដ៏សំខាន់បំផុត។

ទន្ទឹមគ្នានេះ មន្ទីរសុខាភិបាលក៏បានយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្ត ដោយបានផ្តល់សេវាដល់អ្នកជំងឺបាក់ទឹកចិត្ត និងវិកលចរិតរ៉ាំរ៉ៃឱ្យទទួលបានការថែទាំកាន់តែប្រសើរ ហើយសមិទ្ធផលលេចធ្លោមួយទៀត គឺការយកចិត្តទុកដាក់លើផ្នែកសេវាភ្នែក តាមរយៈការវះកាត់ភ្នែកបានជាង ១២០០ករណីប្រកបដោយជោគជ័យ។

ក្រៅពីនេះ សុខភាពមាតា ទារក និងកុមារ ដែលជាការងារអាទិភាពចម្បងក៏សម្រេចបានជោគជ័យដូចគ្នាដែរ លើការថែទាំក្រោយសម្រាលលើកទី១ ដោយរក្សាបានអត្រា ១០០ភាគរយពេញលេញ។ ចំណែក កម្មវិធីចាក់ថ្នាំបង្ការដល់កុមារសម្រេចបានលទ្ធផលខ្ពស់គួរឱ្យកត់សម្គាល់ពោលគឺចន្លោះពី ៩៦ទៅ៩៧ភាគរយ ខណៈទារកជាង ៩០ភាគរយទទួលបានការបំបៅទឹកដោះម្តាយក្នុងម៉ោងដំបូងក្រោយកើតដែលជាគ្រឹះដ៏រឹងមាំសម្រាប់សុខភាពកុមារ៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…