Skip to main content
Preah Sihanouk Provincial Television
Log in

ក្រុមហ៊ុនរដ្ឋចិន បង្កើនការបញ្ជាទិញដំឡូងមីពីកម្ពុជា ១ លានតោន ដើម្បីនាំចេញទៅផ្គត់ផ្គង់ខ្សែច្រវាក់ផលិតកម្ម

KPS99TVHistorical original · translation unavailable

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយលោក Chen Mingyu ប្រធានក្រុមហ៊ុន Guangxi State Farms Mingyang Starch Development Co., Ltd.។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា ដោយមានការសម្របសម្រួលពីក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុនចិន Guangxi State Farms Mingyang Starch Development Co., Ltd. បានបង្កើនការបញ្ជាទិញដំឡូងមីពីកម្ពុជាប្រមាណ ១ លានតោន ដើម្បីនាំចេញទៅផ្គត់ផ្គង់ខ្សែច្រវាក់ផលិតកម្ម។

ក្រុមហ៊ុនរដ្ឋចិនមួយនេះ ក៏បានសិក្សាពីកាលានុវត្តភាពក្នុងការបង្កើតរោងចក្រកែច្នៃតម្លៃបន្ថែមដោយផ្ទាល់នៅកម្ពុជា និងផ្ទេរចំណេះដឹង តាមរយៈការពិនិត្យលទ្ធភាពសហការជាមួយរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចែករំលែកបច្ចេកទេសដាំដុះ និងការកែច្នៃកម្រិតខ្ពស់ជូនដល់ប្រជាកសិករខ្មែរ។

ជាមួយគ្នានោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជំរុញលើការបង្កើតរោងចក្រកែច្នៃក្នុងស្រុក ដែលជាឆ្អឹងខ្នងនៃយុទ្ធសាស្ត្រផ្ដល់តម្លៃបន្ថែមដល់កសិផលខ្មែរ និងការបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ។

កម្ពុជាគឺជាតួអង្គយុទ្ធសាស្ត្រ ដែលស្ថិតនៅចំកណ្តាលនៃមហាអនុតំបន់ទន្លេមេគង្គ និងតំបន់សេដ្ឋកិច្ចអាស៊ាន-ចិន ដែលផ្តល់នូវភាពអនុគ្រោះបំផុតសម្រាប់វិនិយោគិន។

បើតាមឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល «ផែនការមេភស្តុភារកម្មប្រទាក់ក្រឡា» របស់កម្ពុជា នឹងជួយសម្រួលដល់ការដឹកជញ្ជូនឱ្យកាន់តែរហ័ស និងកាត់បន្ថយថ្លៃដើមផលិតកម្ម ធ្វើឱ្យផលិតផលកម្ពុជាមានសមត្ថភាពប្រកួតប្រជែងខ្ពស់នៅលើទីផ្សារសកល។

លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ មានប្រសាសន៍ថា បច្ចុប្បន្ន ការប្រមូលផលដំឡូងមីសម្រេចបាន ៨០% ខណៈតម្លៃទីផ្សារដំឡូងមីស្រស់របស់កម្ពុជា នៅចុងរដូវនេះ បានស្ទុះឡើងដល់ជាង ៣០០ រៀល ក្នុងមួយគីឡូក្រាម ហើយខេត្តមួយចំនួនមានតម្លៃជិត ៥០០ រៀល ខណៈដំឡូងមីក្រៀមមានតម្លៃ ៧១០ រៀល ក្នុងមួយគីឡូក្រាម។

យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ កម្ពុជារកចំណូលបាន ៦៤៦ លានដុល្លារ ពីការនាំចេញដំឡូងមី ធ្លាក់ចុះ ១៤,៤៨% ប្រៀបធៀបនឹងឆ្នាំ ២០២៤។

បរិមាណនាំចេញដំឡូងមីស្រស់មានចំនួន ៣,១០៥,៥០០ តោន ធ្លាក់ចុះ ៩,៨២% នៅក្នុងឆ្នាំ ២០២៥ ខណៈចំណិតដំឡូងមីក្រៀមបានកើនឡើង ៦២,២២% មានចំនួន ១,៥៦៥,៩៤០ តោន ប្រៀបធៀបនឹងឆ្នាំ ២០២៤។ ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…