Skip to main content
Preah Sihanouk Provincial Television
Log in

ACU បង្ហាញការស៊ើបអង្កេតឈានទៅចាប់ខ្លួនមន្រ្តីគយខេត្តកោះកុងនិងបក្ខពួករកឃើញលុយជាង១លានដុល្លារ

KPS99TVHistorical original · translation unavailable

បើតាមលិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ទទួលបាននៅយប់ថ្ងៃទី២៩ ខែមីនា បានបង្ហាញព័ត៌មានស៊ើបអង្កេតលម្អិតដែលឈានទៅចាប់ខ្លួនលោក ម៉ៅ សាន់សូនា អនុប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង និងបក្ខពួក ដែលល្បីខាងរឿងជម្រិតទារប្រាក់ឥតអាសូរពីរថយន្តដឹកទំនិញ និងរត់ការដឹកជញ្ជូនឧបរករណ៍បម្រើឱ្យក្រុមអនឡាញស្កេម (Online Scam)។ ក្នុងនោះ ACU រកឃើញលុយពាក់ព័ន្ធនឹងអំពើពុករលួយដល់ជាង ១លានដុល្លារអាមេរិក។

ACU បានបញ្ជាក់ថា លោក ម៉ៅ សាន់សូនា ជាមនុស្សក្បាលរឹង ពូកែឆ្លើយបង្វៀង ពូកែប្រឆាំងការសួរចម្លើយ មិនដែលសារភាពពីអំពើប្រព្រឹត្តរបស់ខ្លួនឡើយ លុះត្រាតែ ACU ទម្លាក់ភស្តុតាងមួយទើបបុគ្គលរូបនេះសារភាពមួយ។ ជិត២ឆ្នាំពោលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤រហូតដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ACU រកឃើញភស្តុតាងជិត៣០០០ករណីដែលបុគ្គលឈ្មោះ ម៉ៅ សាន់សូនា បានប្រព្រឹត្តក្នុងពេលឈរជើងទទួលគយចល័តនៅតាមផ្លូវជាតិលេខ៤៨ (កោះកុង-ស្រែអំបិល)។ ក្នុងរយៈពេលជិត២ឆ្នាំនេះ ACU ក៏រកឃើញ ម៉ៅ សាន់សូនា ទារនិងទទួលប្រាក់ដោយខុសច្បាប់ចំនួនជាង ៨០ម៉ឺនដុល្លារអាមេរិក និងនៅសល់លុយ ៣០ម៉ឺនដុល្លារផ្សេងទៀតលាក់ទុកក្នុងធនាគារដើម្បីយកការប្រាក់ផងដែរ។

ទីបំផុត ទឹកប្រាក់ជាង១លានដុល្លារនេះ លោក ម៉ៅ សាន់សូនា បានទទួលស្គាល់មិនប្រកែកទៀតទេនៅក្នុងកំណត់ហេតុស្តាប់ចម្លើយលើកទី២២១ របស់អង្គភាពប្រឆាំងអំពើពុករលួយ ចុះថ្ងៃទី១៧ ខែមីនា។ មិនតែប៉ុណ្ណោះ អនុប្រធានសាខាគយរូបនេះ មានប្រើប្រាស់គណនីធនាគារជាង៤០គណនី ដើម្បីលាក់បាំងកុំឱ្យឃើញភស្តុតាងពុករលួយ ក្រៅពីគណនីរបស់ខ្លួន សម្រាប់ឱ្យអ្នកបើកឡាន និងម្ចាស់ទំនិញផ្ទេរលុយចូលមកឱ្យខ្លួនថែមទៀត៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…