នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ អតីតព្រះអង្គ ជា វុទ្ធី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគាររាជធានីភ្នំពេញ(ប៉េហ្សេ)។ បើតាមសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) បញ្ជាក់ថា ការឃុំខ្លួនអតីតព្រះអង្គរូបនេះ គឺពាក់ព័ន្ធរឿងបញ្ហាព្រំដែនកម្ពុជា-ថៃ។
ការសម្រេចឃុំខ្លួននេះ ធ្វើឡើងក្រោមបទចោទពីបទ៖ «ញុះញុងបង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់២ឆ្នាំ ប្រសិនបើត្រូវបានតុលាការរកឃើញថា បានប្រព្រឹត្តបទល្មើស ។ នេះបើតាមសមាគមអាដហុក បញ្ជាក់បន្ថែម។
សមាគមអាដហុក បានឱ្យដឹងថា កាលពីវេលាម៉ោងប្រហែល៨ព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ ព្រះភិក្ខុព្រះនាម ជា វុទ្ធី គង់នៅវត្តធម្មនិម្មិតរាជបុប្ផារាម ហៅវត្តប៉ាឆា ក្រុងបាត់ដំបង ខេត្តបាត់ដំបង ហើយត្រូវបានជនស្លៀកពាក់ស៊ីវិលមួយក្រុម ចូលទៅនាំព្រះកាយព្រះអង្គចេញពីវត្តពោធិ៍វាល ក្រុងបាត់ដំបង ដែលជាទីណាត់ជួបរបស់ប្រធានមន្ទីរធម៌ការនិងសាសនាខេត្តបាត់ដំបង និងជាសាលាគណខេត្ត ដោយរថយន្តមិនដឹងយកទៅទីណា។ លុះម៉ោងប្រមាណជា១០ព្រឹកថ្ងៃដដែល រថយន្តនោះបានវិលត្រឡប់មកកន្លែងដដែលវិញ(វត្តពោធិ៍វាល) ពេលនោះព្រះតេជគុណ ជា វុទ្ធី ត្រូវបានផ្សឹកដោយមេគុណខេត្តស្តីទីព្រះនាម ហេង សុខន បន្ទាប់មកសមត្ថកិច្ចបានបញ្ជូនអតីតព្រះអង្គ ជា វុទ្ធី មកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
សមាគមការពារសិទ្ធិមនុស្សអាដហុក បានបន្ថែមថា នៅព្រឹកថ្ងៃទី២ ខែឆ្នាំដដែល អតីតព្រះអង្គ ជា វុទ្ធី ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរ ។ ប៉ុន្តែបើតាមការបញ្ជាក់ពីព្រះអង្គ ជា វុទ្ធី មុនពេលចាប់ខ្លួន និងការបញ្ជាក់ពីក្រុមព្រះសង្ឃដែលរៀននៅសាកលវិទ្យាល័យជាមួយគ្នា ការចាប់ខ្លួននេះអាចទំនងបណ្តាលមកពីសំណេររបស់ព្រះអង្គ ជា វុទ្ធី បានសរសេរលើបណ្តាញសង្គមពាក់ព័ន្ធរឿងបញ្ហាព្រំដែនកម្ពុជា-ថៃ តែយ៉ាងណាសំណេរនោះត្រូវបានលុបវិញកាលពីប៉ុន្មានថ្ងៃមុនពេលចាប់ខ្លួន។
សមាគមអាដហុក បញ្ជាក់ទៀតថា អតីតព្រះសង្ឃអង្គនេះ គឺជាសកម្មសង្ឃដែលកន្លងមកតែងតែឈឺឆ្អាលរឿងប្រទេសជាតិ និងចូលរួមសកម្មក្នុងកិច្ចការងារសង្គម ។ ព្រះអង្គអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់២ឆ្នាំ ប្រសិនបើត្រូវបានតុលាការរកឃើញថាបានប្រព្រឹត្តបទល្មើស ។ ចំពោះ ករណីនេះ សមាគមអាដហុក បានជួប និងទទួលការពឹងពាក់ពីញោមស្រីរបស់ព្រះតេជគុណ គឺអ្នកស្រី ចាន់ ម៉ៅ ហើយសមាគមបានសម្រេចផ្តល់មេធាវីដើម្បីការពារតាមនីតិវិធី ព្រមទាំងបន្តការឃ្លាំមើលដោយយកចិត្តទុកដាក់៕
ដោយ៖ ង៉ែត ពិសាន្ត


