Skip to main content
Preah Sihanouk Provincial Television
Log in

អភិបាលរងខេត្តព្រះសីហនុណែនាំមន្ត្រីក្នុងការពង្រឹងវិន័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារមន្ត្រីរាជការ

KPS99TVHistorical original · translation unavailable

លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ ណែនាំដល់មន្ត្រីរាជការទាំងអស់ត្រូវពង្រឹងវិន័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារមន្ត្រីរាជការរបស់យើង។ លោកអភិបាលរងខេត្តមានប្រសាសន៍ណែនាំដូចនេះក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្តព្រះសីហនុនៅថ្ងៃទី៨ខែមេសាឆ្នាំ២០២៦ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនិងឈានចូលមកដល់នាពេលខាងមុខនេះ ។

ដោយអនុវត្តតាមផែនការយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងនិងអភិវឌ្ឍន៍ ធនធានមនុស្ស រយៈពេល៥ឆ្នាំ របស់ក្រសួងមហាផ្ទៃ គោលបំណងសំខាន់ៗ៤ គឺ៖ ពង្រឹងវិន័យមន្ត្រីរាជការ ដើម្បីលើកកម្ពស់ឥរិយាបថបំពេញការងារ សីលធម៌ តម្លៃ សេចក្តីថ្លៃថ្នូរ ជំនឿទុកចិត្ត និងកិត្តិយសរបស់មន្ត្រីរាជការ។

- លើកកម្ពស់ប្រសិទ្ធភាពការងារ ឆន្ទៈម្ចាស់ការ និងស្មារតីទទួលខុសត្រូវរបស់មន្ត្រីរាជការ ក្នុងការ រក្សាសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងការផ្តល់សេវាសាធារណៈ ស្របតាមការវិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ។

-បង្កើនសមត្ថភាព និងគុណតម្លៃក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីរាជការ និងជំរុញឱ្យមានការប្រព្រឹត្ត អំពើល្អក្នុងការបំពេញភារកិច្ចនិង លើកកម្ពស់កាតព្វកិច្ច និងមនសិការស្នេហាជាតិរបស់មន្ត្រីរាជការ ដើម្បីធានាឱ្យមានភាពស្មោះត្រង់ និងភក្ដីភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា។

លោក អភិបាលរងខេត្តបានបន្ថែមថា សូមឲ្យមន្ត្រីរាជការទាំងអស់ឲ្យបន្តពង្រឹងការអនុវត្តតួនាទី និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងទាន់ពេលវេលា ហើយមន្ត្រីរាជការមានកិត្តិយស និងសេចក្តីថ្លៃថ្នូរខ្ពស់ នៅក្នុងសង្គម ដូច្នេះត្រូវខិតខំបំពេញភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។

មន្ត្រីគ្រប់រូប ត្រូវមានគុណធម៌ សីលធម៌ និងឥរិយាបថល្អ ព្រមទាំងក្លាយជាមន្ត្រីគំរូ មានសមត្ថភាព និងការទទួលខុសត្រូវខ្ពស់៕

ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…