Skip to main content
Preah Sihanouk Provincial Television
Log in

ទំនិញរវាងកម្ពុជា និងថៃ សម្រេចបាននូវទឹកប្រាក់ចំនួន ៦៩៦ លានដុល្លារ ក្នុងរយៈពេល ៣ ខែ ឆ្នាំ២០២៦ ធ្លាក់ចុះជាង ៣៩%

KPS99TVHistorical original · translation unavailable

បើយោងតាមរបាយការណ៍របស់អគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ឲ្យដឹងថា ការដោះដូរទំនិញរវាងកម្ពុជា និងប្រទេសថៃ សម្រេចបាននូវទំហំទឹកប្រាក់ចំនួន ៦៩៦ លានដុល្លារ ក្នុងរយៈពេល ៣ ខែ ឆ្នាំ២០២៦ ធ្លាក់ចុះ ៣៩,៤% ប្រៀបធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២៥។

ទិន្នន័យរបស់ GDCE បង្ហាញថា ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ សម្រេចបាននូវទឹកប្រាក់ ៦៩៦ លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញទៅប្រទេសថៃ មានតម្លៃ ១៨១ លានដុល្លារ ធ្លាក់ចុះ ២៩% ខណៈដែលថៃនាំចូលមកកម្ពុជា មានតម្លៃជិត ៥១៥ លានដុល្លារ ធ្លាក់ចុះ ៤២,៤%។

ឯកឧត្តមបណ្ឌិត គុណ ញឹម មានប្រសាសន៍កាលពីពេលថ្មីៗនេះថា ការដោះដូរទំនិញទ្វេភាគីកម្ពុជា-ថៃ បានធ្លាក់ចុះយ៉ាងគំហុក បន្ទាប់ពីមានការបិទព្រំដែនគោក និងការផ្ទុះសង្គ្រាម។ ទំនិញដែលនៅបន្តនាំចូលពីប្រទេសថៃ គឺជាទំនិញប្រើប្រាស់ប្រចាំថ្ងៃ និងផលិតផលកម្មន្តសាល។

ឯកឧត្តមបណ្ឌិត គុណ ញឹម បញ្ជាក់ថា៖ «ទំនិញដែលនាំចូលមកប្រើប្រាស់ មានការធ្លាក់ចុះជាបន្តបន្ទាប់ ទំនិញដែលហាមឃាត់ ធ្លាក់ចុះដល់សូន្យ ប្រេងឥន្ធនៈ និងឧស្ម័ន ក៏ធ្លាក់ចុះដល់សូន្យផងដែរ»។

ប្រភេទទំនិញមួយក្រុមទៀត ដូចជា គ្រឿងម៉ាស៊ីន និងធាតុចូលផលិតកម្ម ដូចជា គ្រឿងចក្រ គ្រឿងយន្តកសិកម្ម ដែលជាមធ្យោបាយផលិតកម្ម រួមមាន ត្រាក់ទ័រ គោយន្ត និងម៉ាស៊ីនច្រូត នៅតែមានការនាំចូល ដើម្បីបម្រើវិស័យផលិតកម្មរបស់កម្ពុជា ដែលជាធាតុចូលសម្រាប់ក្រុមហ៊ុនវិនិយោគធំៗមួយចំនួន ដូចជា ក្រុមហ៊ុនមេនីបៀ និងក្រុមហ៊ុន DENSO ជាដើម ដែលមិនមែនជាទំនិញប្រើប្រាស់ប្រចាំថ្ងៃនោះទេ។

នៅក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ សម្រេចបាននូវទំហំទឹកប្រាក់ ៣,៦៥ ពាន់លានដុល្លារ ធ្លាក់ចុះ ១៤,៨៦% ប្រៀបធៀបនឹងឆ្នាំ២០២៤ ក្នុងនោះ កម្ពុជានាំចេញទៅថៃ មានតម្លៃ ៧៣២ លានដុល្លារ ធ្លាក់ចុះ ១៤,១៥% ខណៈដែលថៃនាំចូលមកកម្ពុជា មានតម្លៃ ២,៩ ពាន់លានដុល្លារ ធ្លាក់ចុះ ១៥%។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម៕ ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…