Skip to main content
Preah Sihanouk Provincial Television
Log in

អាជ្ញាធរខេត្តព្រះសីហនុ ឃាត់ខ្លួនជនបរទេស ៤៥ នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ចំនួន ៣ កន្លែង

KPS99TVHistorical original · translation unavailable

ខេត្តព្រះសីហនុ៖ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុបចំនួន ៤៥ នាក់ និងដកហូតវត្ថុតាងជាសម្ភារបច្ចេកវិទ្យាជាច្រើនគ្រឿង ដោយត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ និងបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់។

ប្រតិបត្តិការនេះ ធ្វើឡើងក្នុងក្របខណ្ឌការរឹតបន្តឹងសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ខណៈរដ្ឋបាលខេត្តព្រះសីហនុ បានបន្តអនុវត្តយុទ្ធនាការចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ជាបន្តបន្ទាប់។

យោងតាមរបាយការណ៍វឌ្ឍនភាពការងារអនុវត្តអនុក្រឹត្យលេខ ០៣ ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ អាជ្ញាធរបានរកឃើញ និងបង្ក្រាបបទល្មើស Online Scams ចំនួន ៣ ទីតាំង ក្នុងចំណោមទីតាំងដែលបានត្រួតពិនិត្យសរុប ១៧ កន្លែង។

កិច្ចប្រតិបត្តិការនៅទីតាំងនីមួយៗ រួមមាន៖ ទីតាំងទី១ នៅផ្ទះជួលរបស់ឈ្មោះ យស់ សាវ៉ាត ស្ថិតក្នុងភូមិថ្មធំ សង្កាត់រាម ក្រុងកំពង់សោម សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនចំនួន ៤ នាក់ និងដកហូតកុំព្យូទ័រលើតុ ៤ គ្រឿង កុំព្យូទ័រយួរដៃ ១ គ្រឿង និងទូរសព្ទដៃ ៣៨ គ្រឿង។ ទីតាំងទី២ នៅបឹងហ្គាឡូ ស្ថិតក្នុងភូមិរាម សង្កាត់រាម ក្រុងកំពង់សោម ឃាត់ខ្លួនជនបរទេសសរុបចំនួន ៣៦ នាក់ រួមជាមួយសម្ភារសង្ស័យជាច្រើន រួមមាន កុំព្យូទ័រលើតុ ១៨ គ្រឿង និងទូរសព្ទដៃ ៧២ គ្រឿង។ ទីតាំងទី៣ នៅផ្ទះវីឡាជួល ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនជាតិចិនចំនួន ៥ នាក់ និងដកហូតកុំព្យូទ័រលើតុ ១៣ គ្រឿង ព្រមទាំងទូរសព្ទដៃ ៧ គ្រឿង។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ចំនួនទីតាំងដែលត្រូវបានបង្ក្រាបពាក់ព័ន្ធនឹងបទល្មើសអនឡាញ (Online Scams) ក្នុងខេត្តព្រះសីហនុ បានកើនឡើងដល់ ៣២ ទីតាំង។

ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…