ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ប្រាប់សារព័ត៌មានថា ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងអន្តោរប្រវេសន៍ និងឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរងរាជធានីភ្នំពេញ ព្រមទាំងជនសង្ស័យ ២ នាក់ទៀត នឹងត្រូវបញ្ជូនទៅតុលាការ នៅវេលាម៉ោង ៤៖៣០ រសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ ពាក់ព័ន្ធនឹងករណីសង្ស័យស៊ីសំណូកពីពួក Online Scams និងសម្អាតប្រាក់។
ការចាប់ខ្លួននាយនគរបាលជាន់ខ្ពស់ខាងលើ ធ្វើឡើងជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ហើយករណីនេះ ACU បានបើកប្រតិបត្តិការស៊ើបអង្កេត រយៈពេល ២០ ថ្ងៃមកហើយ។ ឯកឧត្តមបានបញ្ជាក់ថា ព័ត៌មានលម្អិតនៃប្រតិបត្តិការនេះ នឹងត្រូវបង្ហាញក្រោយពីបានបញ្ជូនជនសង្ស័យទាំង ៤ នាក់ ទៅកាន់តុលាការរួចរាល់។
ស្របពេលដែលរាជរដ្ឋាភិបាល បានដាក់ចេញយុទ្ធនាការបង្ក្រាប និងបោសសម្អាតឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត និងភាពអសកម្មនានា ក្នុងរយៈពេលចុងក្រោយនេះ ACU ក៏បានចាប់ខ្លួនបុគ្គលសំខាន់ៗជាច្រើន បន្តបន្ទាប់ផងដែរ។ ដោយ៖ ប៉ៃ សុឃីម



