ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានរៀបចំសិក្ខាសាលា ស្តីពីកាលានុវត្តភាព និងការជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ។ សិក្ខាសាលាបានធ្វើឡើងក្រោមគណៈអធិបតីភាពឯកឧត្តម អ៊ឹម សុខធី ប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ, ឯកឧត្តម មហាម៉ាត់ យូណេះ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីមន្រ្តីអ្នកមុខអ្នកការ និងតំណាងម្ចាស់សណ្ឋាគារ អូរតែល ខុនដូរជាច្រើននាក់ទៀត។
ក្នុងសិក្ខាសាលានេះ បានលើកពិភាក្សាអំពីទិដ្ឋភាពចំនួន២។ ក្នុងនោះឯកឧត្តម អ៊ឹម សុខធី បានបញ្ជាក់ថា ទិដ្ឋភាពទី១បានផ្តោតទៅលើអ្វីដែលយើងបានសម្លឹងឃើញនៅក្នុងខេត្តព្រះសីហនុហើយអាចវិនិយោគបានក្នុងវិស័យទេសចរណ៍ ជាមួយនឹងសកម្មភាពវិនិយោគដែលជាកាលានុវត្តភាពនិងមានយន្តការអ្វីខ្លះដើម្បីជំរុញការវិនិយោគ និងទិដ្ឋភាពទី២ ផ្តោតសំខាន់ទៅលើអ្វីដែលយើងមានស្រាប់ ហើយយើងត្រូវប្រើប្រាស់អ្វីដែលមានស្រាប់ហ្នឹង ឬត្រូវការអ្វីពង្រីកបន្ថែមទៀត ដើម្បីជំរុញការវិនិយោគបន្ថែមក្នុងវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ៕
អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ ទាវ វិឆាត













