Skip to main content
Preah Sihanouk Provincial Television
Log in

គុណភាពទឹកតាមបណ្តោយដងទន្លេមេគង្គ នៅតែមានស្ថានភាពល្អ នៅដើមឆ្នាំ២០២៦ នេះ បើតាមការលើកឡើងពីក្រសួងបរិស្ថាន

KPS99TVHistorical original · translation unavailable

ចំពោះការវាយតម្លៃគុណភាពទឹកប្រចាំខែ នៅតាមទីតាំងតាមដាន និងត្រួតពិនិត្យចំនួន ១១ ទីតាំង ដែលអនុវត្តដោយសហការជាមួយមន្ទីរបរិស្ថានខេត្ត និងរាជធានី តាមបណ្តោយទន្លេមេគង្គ រួមមាន ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម កណ្តាល ភ្នំពេញ និងព្រៃវែង។ ក្រសួងបរិស្ថានកម្ពុជា បានបង្ហាញថា ការត្រួតពិនិត្យគុណភាពទឹកជាប្រចាំ តាមបណ្តោយទន្លេមេគង្គ នៅតែស្ថិតក្នុងកម្រិត «ល្អ» ក្នុងអំឡុងត្រីមាសទីមួយ ឆ្នាំ២០២៦។

ការវាយតម្លៃនេះ ផ្តោតលើប៉ារ៉ាម៉ែត្រសំខាន់ៗចំនួន ១២ ដែលប្រើសម្រាប់វាយតម្លៃគុណភាពទឹក ក្នុងការពារសុខភាពសាធារណៈ រួមមាន pH អុកស៊ីសែនរលាយក្នុងទឹក (DO) សារធាតុរឹងសរុប (TSS) អុកស៊ីសែនជីវគីមី (BOD) អុកស៊ីសែនគីមី (COD) អាសូតសរុប (TN) ផូស្វ័រសរុប (TP) អាសូតនីត្រាត (NO3-N) និងលោហធាតុធ្ងន់ ដូចជា កាដមីញ៉ូម (Cd) ក្រូមីញ៉ូមហិចសាវ៉ាឡង់ (Cr6+) សំណ (Pb) និងបារត (Hg)។

ដោយឡែក បើយោងតាមលទ្ធផលចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៦ គុណភាពទឹកទន្លេមេគង្គ ត្រូវបានកត់ត្រាជាប់លាប់ក្នុងកម្រិត «ល្អ» នៅតាមទីតាំងគោលដៅទាំង ១១ ទីតាំង ដែលបានត្រួតពិនិត្យ។ លទ្ធផលនេះបង្ហាញថា គុណភាពទឹកនៅតែស្ថិតក្នុងកម្រិតអនុលោមតាមស្តង់ដារជាតិ សម្រាប់គុណភាពទឹកលើដី។ ការត្រួតពិនិត្យជាប្រចាំ មានតួនាទីសំខាន់ក្នុងការធានាការរកឃើញដំបូងនៃការបំពុលដែលអាចកើតមាន និងគាំទ្រដល់ការគ្រប់គ្រងធនធានទឹក ដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ។

ទិន្នន័យលម្អិត និងការបកស្រាយបច្ចេកទេស ត្រូវបានចងក្រងសម្រាប់ជាឯកសារយោងនាពេលអនាគត។ ក្រសួងបរិស្ថាន បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការថែរក្សាគុណភាពទឹក តាមរយៈការត្រួតពិនិត្យ និងតាមដានជាបន្ត ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធ៕ ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…