Skip to main content
Preah Sihanouk Provincial Television
Log in

រដ្ឋបាលស្រុកស្ទឹងហាវ បើកសំណើដេញថ្លៃគម្រោងអភិវឌ្ឍន៍ផ្លូវបេតុង និងប្រព័ន្ធលូ ក្នុងឃុំកំពេញ និងឃុំអូត្រេះ

KPS99TVHistorical original · translation unavailable

ខេត្តព្រះសីហនុ៖ លោក ឃាង ភារម្យ បានសង្កត់ធ្ងន់ថា ដំណើរការដេញថ្លៃនេះ ត្រូវបានអនុវត្តយ៉ាងហ្មត់ចត់ ដើម្បីជ្រើសរើសក្រុមហ៊ុនដែលមានសមត្ថភាពពិតប្រាកដ។ លោកបានរំលឹកដល់ក្រុមហ៊ុនដែលឈ្នះការដេញថ្លៃថា «ត្រូវអនុវត្តការសាងសង់ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសជាដាច់ខាត ដើម្បីបម្រើផលប្រយោជន៍យូរអង្វែងជូនប្រជាពលរដ្ឋ និងធានាបាននូវគុណភាពសំណង់រឹងមាំ»។

លោកនាយកទីចាត់ការផែនការ និងវិនិយោគខេត្ត បានមានប្រសាសន៍ដូចនេះ ក្នុងពិធីបើកសំណើដេញថ្លៃជាសាធារណៈ ដើម្បីអនុវត្តគម្រោងមូលនិធិឃុំ ឆ្នាំ២០២៦ សំដៅអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងអារម៉េ និងប្រព័ន្ធលូ ក្នុងឃុំកំពេញ និងឃុំអូត្រេះ ប្រកបដោយតម្លាភាព និងភាពត្រឹមត្រូវ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។

ពិធីនេះបានប្រព្រឹត្តទៅនៅសាលាឃុំកំពេញ ក្រោមការចូលរួមពី លោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្តព្រះសីហនុ និងលោកស្រី ម៉ម សាមុត អភិបាលរងស្រុកស្ទឹងហាវ ព្រមទាំងមានការចូលរួមពីមន្ត្រីបច្ចេកទេស ក្រុមប្រឹក្សាឃុំ និងតំណាងក្រុមហ៊ុនដេញថ្លៃ។

យោងតាមរបាយការណ៍បច្ចេកទេស គម្រោងដែលដាក់ឱ្យដេញថ្លៃ រួមមាន ៣ ផ្នែកសំខាន់ៗ៖
• គម្រោងសាងសង់ផ្លូវបេតុងអារម៉េ (ភូមិ១) ផ្លូវមេប្រវែង ១៣៧ ម៉ែត្រ និងផ្លូវខ្នែង ៣១៤ ម៉ែត្រ ទទឹង ៧ ម៉ែត្រ កម្រាស់ ០.១៥ ម៉ែត្រ ដើម្បីធានាគុណភាពរឹងមាំ។
• គម្រោងប្រព័ន្ធលូអ៊ុយគ្មានគម្រប (ភូមិ១ និងភូមិ២) ប្រវែង ៣០០ ម៉ែត្រ (ទំហំ ០.៧ ម x ០.៧ ម)។
• គម្រោងប្រព័ន្ធលូអ៊ុយមានគម្រប (ភូមិ២ និងភូមិ៣) ប្រវែង ៦៥០ ម៉ែត្រ (ទំហំ ០.៧ ម x ០.៧ ម) រួមជាមួយការបំពាក់ស្លាកសញ្ញាគម្រោងធ្វើពីថ្មម៉ាប។

លោក ឃាង ភារម្យ បានបញ្ជាក់ថា ការអភិវឌ្ឍនេះ គឺជាការឆ្លើយតបយ៉ាងទាន់ពេលវេលាចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងស្រុកស្ទឹងហាវ ជាពិសេសជួយសម្រួលដល់ការធ្វើដំណើរ និងដោះស្រាយបញ្ហាលិចលង់ក្នុងលំនៅឋាននៅរដូវវស្សា ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍មូលដ្ឋានរបស់រដ្ឋបាលខេត្តព្រះសីហនុ៕ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…