លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានបញ្ជាក់ឱ្យដឹងថា ការបើកឱ្យដំណើរការស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ឱ្យចូលទៅសម្រាកកម្សាន្តជាសាធារណៈនេះ គឺជាកិច្ចសហការរវាងអាជ្ញាធរ និងវិស័យឯកជន ដើម្បីបង្កើនជម្រើសកន្លែងកម្សាន្តថ្មីសម្រាប់សាធារណជន ក៏ដូចជាការលើកកម្ពស់សក្តានុពលទេសចរណ៍នៅក្នុងខេត្តព្រះសីហនុ។
លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ទន្ទឹមនឹងការបើកឱ្យចូលកម្សាន្តនេះ អាជ្ញាធរខេត្ត សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នូវចំណុចសំខាន់ៗចំនួនពីរ៖
ទី១ ការទទួលខុសត្រូវលើអនាម័យ សូមមេត្តាចូលរួមថែរក្សាបរិស្ថាន ដោយមិនត្រូវទុកសម្រាមរាយប៉ាយលើឆ្នេរខ្សាច់ឡើយ ដើម្បីរក្សាសម្រស់ធម្មជាតិឱ្យនៅស្រស់ស្អាតយូរអង្វែង និង
ទី២ ការយកចិត្តទុកដាក់លើសុវត្ថិភាព សូមមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការដើរកម្សាន្ត និងការលេងទឹក ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ។
ក្រោមការសម្របសម្រួលយ៉ាងសកម្មពីសំណាក់រដ្ឋបាលខេត្តព្រះសីហនុ និងក្រុមហ៊ុនឯកជនដែលទទួលបានសិទ្ធិអភិវឌ្ឍន៍ បច្ចុប្បន្ន តំបន់ឆ្នេរខ្សាច់នៅលើកោះពស់ ត្រូវបានបើកទ្វារស្វាគមន៍ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ឱ្យចូលទៅសម្រាកកម្សាន្តជាសាធារណៈហើយ។
ការសម្រេចបើកឆ្នេរកោះពស់ជាសាធារណៈនេះ ត្រូវបានរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនឱ្យមកទស្សនា និងឆ្លងកាត់ស្ពានកោះពស់ ដែលជាសមិទ្ធផលទេសចរណ៍ដ៏លេចធ្លោមួយ ប្រចាំក្រុងព្រះសីហនុផងដែរ៕ ដោយ៖ ប៉ៃ សុឃីម









