Skip to main content
Preah Sihanouk Provincial Television
Log in

រោងចក្រផលិតអគ្គិសនីធ្យូងថ្មធ្វើបទបង្ហាញពីការគ្រប់គ្រងបរិស្ថានជូនរដ្ឋបាលខេត្តព្រះសីហនុ

Historical original · translation unavailable

រោងចក្រផលិតអគ្គិសនីដំណើរការដោយធ្យូងថ្ម(កម្លាំង១០០ និង១៣៥មេហ្គាវ៉ាត់) របស់ក្រុមហ៊ុន ខេមបូឌាន អេនើជី លីមីធីត (CEL&CEL II) បានរាយការណ៍ពីបច្ចុប្បន្នភាពនៃការអនុវត្តផែនការគ្រប់គ្រងបរិស្ថានជូនរដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងការធ្វើបង្ហាញ ក៏មានវត្តមានឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងការចូលរួមស្តាប់នូវរបាយការណ៍អង្កេតតាមដានបរិស្ថាននេះដែរ។

រោងចក្រផលិតអគ្គិសនីដំណើរការដោយធ្យូងថ្ម ស្ថិតនៅឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានគោរពតាមលក្ខខណ្ឌតម្រូវដែលមានចែងក្នុងកិច្ចសន្យាការពារបរិស្ថានក្រុមហ៊ុន  ដោយបានរៀបចំរបាយការណ៍អង្កេតតាមដានបរិស្ថានរៀងរាល់៦ខែម្តង ដើម្បីដាក់ជូនក្រសួងបរិស្ថានពិនិត្យ និងវាយតម្លៃ។ ក្នុងនោះ រោងចក្របានធ្វើសកម្មភាពជាច្រើនរួមមាន៖ សកម្មភាពគ្រប់គ្រង់ក្នុងរោងចក្រ សកម្មភាពចូលរួមអភិវឌ្ឍន៍ក្នុងសហគមន៍ (CSR) សកម្មភាពដាំដើមឈើក្នុងតំបន់គម្រោងនៃរោងចក្រ ក្នុងនោះដាំដើមឈើតាមផ្លូវចូលទីតាំងគម្រោង និងដាំដើមឈើហូបផ្លែនៅទីតាំងស្តុកធ្យូងថ្ម។ នេះបើតាមរបាយការណ៍របស់រោងចក្រផលិតអគ្គិសនីដំណើរការដោយធ្យូងថ្ម។

ទន្ទឹមគ្នានេះ រោងចក្រក៏បានសិក្សាអំពីគុណភាពខ្យល់ទូទៅ និងគុណភាពខ្យល់ពីបំពង់ផ្សែង, កម្រិតសំឡេងនិងរំញ័រ, គុណភាពទឹកសមុទ្រ, គុណភាពទឹកក្រោមដី និងសំណល់រាវ, ការសិក្សាពីធនធានជលផល, ការសិក្សាសេដ្ឋកិច្ចសង្គម និងការចូលរួមពីសាធារណជន។ 

បើតាមរបាយការណ៍ដដែល បានបញ្ជាក់ថា លទ្ធផលវិភាគគុណភាពខ្យល់៣ទីតាំង គឺគ្រប់ប៉ារ៉ាម៉ែត្រទាំងអស់ស្ថិតក្រោមស្តង់ដារកំណត់របស់ក្រសួងបរិស្ថាន។ ក្នុងន័យនេះ តាមការសង្កេតជាក់ស្តែង ការសម្ភាសន៍ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាជនក្នុងតំបន់សិក្សាក្នុងអំឡុងពេលសិក្សា គុណភាពខ្យល់មានលក្ខណៈធម្មតា និងមានភាពល្អ។ ដោយឡែក ការប្រៀបធៀបលទ្ធផលវិភាគគុណភាពខ្យល់ក្នុងរដូវប្រាំងឆ្នាំ២០២៥ មានភាពល្អប្រសើរជាងឆ្នាំ២០២៤។ ចំពោះលទ្ធផលវិភាគគុណភាពខ្យល់នៅបំពង់ផ្សែង គឺស្ថិតក្រោមស្តង់ដារកំណត់នៃក្រសួងបរិស្ថាន។

ជាមួយគ្នានេះ ឯកឧត្តម ម៉ាង ស៊ីណេត បានកោតសរសើរ និងវាយតម្លៃរោងចក្រផលិតអគ្គិសនីដំណើរការដោយធ្យូងថ្ម ដែលបានខិតខំអនុវត្តន៍ស្តង់ដាររបស់ក្រសួងពាក់ព័ន្ធបានយ៉ាងល្អប្រសើរ។ ទន្ទឹមគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំឱ្យរោងចក្រខិតខំស្វែងរកបច្ចេកទេសទំនើបៗមកប្រើប្រាស់ដើម្បីកាត់បន្ថយផលប៉ះពាល់ឱ្យនៅតិចតួចបំផុត។ ក្នុងន័យនេះ ឯកឧត្តមចង់បញ្ជាក់ឱ្យរោងចក្ររកអ្វីមកបំពាក់ផ្សែងឬប្រសិទ្ធផ្សេងដែលហូរចេញឱ្យវាមានកម្រិតប៉ះពាល់នៅក្នុងខ្យល់ទាបបំផុត។ 

ឯកឧត្តមលើកឡើងថា រោងចក្របានធ្វើសកម្មភាពសហការជាមួយនិងក្រសួង មន្ទីរពាក់ព័ន្ធបានយ៉ាងល្អប្រសើរ។ ជាមួយគ្នានេះ ឯកឧត្តម បានជំរុញឱ្យរោងចក្រផលិតអគ្គិសនីដំណើរការដោយធ្យូងថ្ម អនុវត្តតាមស្តង់ដារដោយតម្រូវឱ្យដាំដើមឈើរឱ្យបានច្រើន និងរក្សា ថែទាំដើមឈើដែលបានដាំនៅជុំវិញគម្រោងនៃរោងចក្រឱ្យបានល្អប្រសើរផងដែរ៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…