ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានបញ្ចប់ទៅជាង ១០ថ្ងៃហើយ ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់សង្គមនៅតែបន្តកើតមាន មិនបានបញ្ចប់ទៅតាមរដូវកាលនោះឡើយ ជាពិសេសនៅពេលមានការធ្វេសប្រហែសពីសំណាក់អ្នកពាក់ព័ន្ធ។ នេះបើយោងតាមក្រសួងមហាផ្ទៃ ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។
ក្នុងរយៈពេល ១០ថ្ងៃ បន្ទាប់ពីបញ្ចប់ពិធីបុណ្យចូលឆ្នាំ រហូតដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៥៩ករណី បណ្តាលឲ្យមនុស្ស ៣៤នាក់បាត់បង់ជីវិត និង ៨៣នាក់ផ្សេងទៀតរងរបួស។
ហេតុការណ៍ទាំងនេះ បានកើតឡើងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តដូចជា កណ្ដាល តាកែវ កំពង់ស្ពឺ ព្រះសីហនុ កំពត កោះកុង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និងស្វាយរៀង។
ចំណែកគ្រោះអគ្គិភ័យ ក្នុងរយៈពេលដូចគ្នានេះ បានកើតឡើងចំនួន ៣០ករណី បណ្ដាលឲ្យផ្ទះសម្បែងប្រជាពលរដ្ឋខូចខាតចំនួន ១៩ខ្នង នៅរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កោះកុង ឧត្តរមានជ័យ ក្រចេះ កំពង់ចាម និងស្វាយរៀង។
ការខូចខាតផ្សេងទៀត រួមមាន រថយន្ត ២គ្រឿង ម៉ូតូ ៣គ្រឿង កុដិ ១ខ្នង សាលាឆាន់ ១ខ្នង រោងស្នាក់នៅ ១ខ្នង រោងកម្មករ ៥ខ្នង រោងដាក់ចំបើង ៣កន្លែង យានដ្ឋាន ១កន្លែង រោងស្តុកប្រេង ១កន្លែង រោងស្តុកសម្ភារ ១កន្លែង ឃ្លាំង ២កន្លែង គំនរក្រដាស ១កន្លែង ចំការប្រេងខ្យល់ ១កន្លែង ព្រៃ ៣កន្លែង និងសាលារៀន ៣បន្ទប់៕ អត្ថបទ៖ ឡាយ កុល



