Skip to main content
Preah Sihanouk Provincial Television
Log in

នាវាទេសចរណ៍ធុនធំ “Viking Orion” ដឹកភ្ញៀវជាង ១,៣០០នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

KPS99TVHistorical original · translation unavailable

ខេត្តព្រះសីហនុ៖ បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៦ នេះ មាននាវាទេសចរណ៍ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុសរុបជាង ១៣ គ្រឿង ដោយបាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកប្រមាណជាង ១ម៉ឺននាក់ មកទស្សនាព្រះរាជាណាចក្រកម្ពុជា និងតំបន់ទេសចរណ៍នានាក្នុងខេត្ត។

ជាក់ស្ដែង នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នាវាទេសចរណ៍ធុនធំមួយឈ្មោះ “Viking Orion” បានដឹកភ្ញៀវទេសចរចំនួន ៨៥៥នាក់ និងនាវិក ៤៦២នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រាប់ដំណើរទស្សនកិច្ចនៅកម្ពុជា និងទស្សនាតំបន់ទេសចរណ៍ក្នុងខេត្ត រយៈពេលមួយយប់ពីរថ្ងៃ។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំខេត្ត បានរៀបចំពិធីស្វាគមន៍យ៉ាងកក់ក្តៅ ដឹកនាំដោយលោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត រួមជាមួយអាជ្ញាធរក្រុងព្រះសីហនុ មន្ទីរ អង្គភាពពាក់ព័ន្ធ និងកងកម្លាំងសមត្ថកិច្ច។

ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានរៀបចំរបាំជូនពរ និងផ្តល់អនុស្សាវរីយ៍ជាក្រម៉ា ដែលជាអត្តសញ្ញាណជាតិខ្មែរ ជូនភ្ញៀវទេសចរម្នាក់មួយផងដែរ។

ការកើនឡើងជាបន្តបន្ទាប់នៃភ្ញៀវទេសចរតាមនាវា បង្ហាញឲ្យឃើញពីទំនុកចិត្តលើសន្តិសុខ សុវត្ថិភាព និងស្ថិរភាពរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលជួយជំរុញឲ្យវិស័យទេសចរណ៍តាមផ្លូវទឹកមានកំណើនកាន់តែប្រសើរ៕

អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ កែវ ដារ៉ា

Comments

Loading comments…