ខេត្តព្រះសីហនុ៖ លេខាធិការដ្ឋាន គ.ប.ឆ.ប បានរៀបចំកិច្ចប្រជុំពិភាក្សាសំខាន់មួយ ស្តីពីការរៀបចំផែនការចុះត្រួតពិនិត្យ និងវាយតម្លៃទីតាំងសង្ស័យ ព្រមទាំងទីតាំងដែលត្រូវបានបង្ក្រាប និងបិទសៀលកន្លងមក ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ការបង្ក្រាបសកម្មភាពស្គេមអនឡាញ និងឆបោកតាមបច្ចេកវិទ្យា គឺជាការងារសំខាន់ដែលអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដោយមានគោលដៅបោសសំអាតសកម្មភាពខុសច្បាប់ទាំងនេះឲ្យអស់ពីប្រទេសកម្ពុជា។ ខេត្តព្រះសីហនុជាមួយនឹងរាជធានី-ខេត្តផ្សេងៗទៀត កំពុងអនុវត្តយ៉ាងតឹងរឹង ដើម្បីធានាប្រសិទ្ធភាពនៃការងារ។
ឯកឧត្តម យ៉េត វីណែល មន្ត្រីជាន់ខ្ពស់លេខាធិការដ្ឋាន គ.ប.ឆ.ប បានបញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យវឌ្ឍនភាព ស្វែងយល់ពីបញ្ហាប្រឈម និងរៀបចំផែនការបន្ត ក្នុងការចុះត្រួតពិនិត្យទីតាំងសង្ស័យ និងវាយតម្លៃទីតាំងដែលបានបង្ក្រាបរួច។ ជាមួយគ្នានេះ ក៏មានការណែនាំអំពីតួនាទីរបស់ក្រុមការងារចម្រុះ និងការចែកភារកិច្ចដល់ក្រុមការងារតូចៗ ដើម្បីអនុវត្តការងារឲ្យបានមានប្រសិទ្ធភាព។
វិធានការសំខាន់ៗរួមមាន ការត្រួតពិនិត្យប្រព័ន្ធអ៊ីនធឺណិត អគ្គិសនី ទឹក និងកាមេរ៉ាសុវត្ថិភាពនៅតាមអាជីវកម្មដែលបានបិទ ដើម្បីទប់ស្កាត់ការវិលត្រឡប់មកវិញនៃសកម្មភាពឆបោក ក៏ដូចជាការទាមទារឲ្យម្ចាស់កាស៊ីណូធ្វើកិច្ចសន្យាហាមឃាត់ការប្រើប្រាស់ទីតាំងសម្រាប់សកម្មភាពខុសច្បាប់ទាំងនេះផងដែរ។
បច្ចុប្បន្ន ខេត្តព្រះសីហនុមានកាស៊ីណូដែលទទួលបានអាជ្ញាប័ណ្ណសរុបចំនួន ៩៤ ក្នុងនោះមាន ៥៩ កំពុងដំណើរការ ខណៈអាជ្ញាប័ណ្ណចំនួន ៦ ត្រូវបានដកហូត ដោយសារពាក់ព័ន្ធនឹងសកម្មភាពស្គេមអនឡាញ និងមិនគោរពលក្ខខណ្ឌច្បាប់។
នៅចុងបញ្ចប់ ក្រុមការងារទាំងថ្នាក់ខេត្ត និងថ្នាក់ជាតិបានប្តេជ្ញាចិត្តសហការគ្នាបន្តអនុវត្តវិធានការបង្ក្រាបឲ្យបានម៉ឺងម៉ាត់ ដើម្បីលុបបំបាត់សកម្មភាពស្គេមអនឡាញ និងឆបោកតាមបច្ចេកវិទ្យា ឲ្យមានប្រសិទ្ធភាព និងចីរភាព៕
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ កែវ ដារ៉ា












