Skip to main content
Preah Sihanouk Provincial Television
Log in

“ទឹកគឺជាជីវិត”សកម្មភាពមនុស្សធម៌បន្តលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ

KPS99TVHistorical original · translation unavailable

លោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុន ម៉ានិត ប្រធានមូលនិធិអណ្តូងទឹកស្អាត រួមជាមួយ អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និង មហាឧបាសិកា ឌី ប៉ុក ព្រមទាំងក្រុមការងារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់អណ្តូងទឹកស្អាតចំនួន ១០ កន្លែង ជូនប្រជាពលរដ្ឋនៅស្រុកឈូក ខេត្តកំពត នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦។ 

ក្នុងឱកាសនោះ លោកជំទាវប្រធានមូលនិធិ បាននាំមកនូវការសួរសុខទុក្ខយ៉ាងកក់ក្តៅ និងពោរពេញដោយក្តីនឹករលឹក ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្តេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។

លោកជំទាវបានបញ្ជាក់ថា អណ្តូងទឹកស្អាតទាំងនេះ គឺជាកេរមរតកសប្បុរសធម៌ដ៏មានតម្លៃ ដែលបន្តពីលោកតា លោកយាយ ជាមាតាបិតារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ មូលនិធិនេះបានដំណើរការយ៉ាងសកម្មអស់រយៈពេលជាង ១៥ ឆ្នាំ ដើម្បីធានាថាប្រជាពលរដ្ឋនៅតំបន់ជនបទ និងដាច់ស្រយាល មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។

តំណាងប្រជាពលរដ្ឋដែលទទួលបានអត្ថប្រយោជន៍ បានបង្ហាញពីក្តីរីករាយ និងអំណរគុណយ៉ាងជ្រាលជ្រៅ។ អណ្តូងទឹកស្អាតទាំងនេះ មិនត្រឹមតែជួយកាត់បន្ថយការលំបាកក្នុងជីវភាព និងការចំណាយប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយផ្គត់ផ្គង់ “ជីវិត” ដល់មនុស្ស សត្វ និងរុក្ខជាតិ ក្នុងស្ថានភាពអាកាសធាតុកំពុងកើនកម្តៅផងដែរ។

ជាមួយគ្នានេះ លោកជំទាវប្រធានមូលនិធិ ក៏បានផ្តល់ជូនរទេះរុញចំនួន ១ គ្រឿង ដល់លោកយាយវ័យ ៨០ ឆ្នាំម្នាក់ ដែលមានជំងឺប្រចាំកាយ ព្រមទាំងអំណោយផ្សេងៗដូចជា ទ្រនាប់ដៃ និងសម្ភារៈសិក្សា ចែកជូនកុមារា កុមារី ដើម្បីលើកទឹកចិត្តក្នុងការសិក្សា៕

ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…