លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងបន្ទាប់ពីផ្ទុះករណីសង្ស័យពាក់ព័ន្ធនឹងការនាំចូលទុរេនពីប្រទេសថៃ។ ដោយសំណេរទាំងស្រុងរបស់លោកបានរៀបរាប់ថា៖
«វិបត្តិនៃទំនុកចិត្ត»
នៅពេលមានព័ត៌មានពីការលួចនាំចូលទុរេនថៃ ក្រុមមន្ត្រីក៏ចុះទៅពិនិត្យទាំងយប់ ប៉ុន្តែមិនបានធ្វើការពិនិត្យភ្លាមៗនោះទេ។ លុះព្រឹកឡើង ការពិនិត្យបានចាប់ផ្ដើម។ ឈ្មួញអះអាងថា «ទុរេនខ្មែរ» តែរាស្ត្រថា «ទុរេនថៃ» រីឯមន្ត្រីថា «ទុរេនទិញមកពីផ្សារនាគមាស និងកំពង់ចាម»។ មានបងប្អូនខ្លះលើកឡើងដោយក្តីមន្ទិលសង្ស័យយ៉ាងខ្លាំងថា បើពិតជាទុរេនខ្មែរមែន គាត់សុខចិត្តកាត់ដៃខ្លួនឯងមួយចំហៀង។ រឿងនេះពិតជាធ្ងន់ធ្ងរ ហើយវាបញ្ជាក់ថា សង្គមយើងកំពុងស្ថិតក្នុង «វិបត្តិនៃទំនុកចិត្ត» យ៉ាងធ្ងន់ធ្ងរ។ មនុស្សក្នុងសង្គមនេះហាក់លែងជឿជាក់លើគ្នាទៅវិញទៅមកហើយ។
បណ្ឌិត គិន ភា ថា វិបត្តិនេះមិនមែនកើតឡើងដោយចៃដន្យនោះទេ។ ការភូតភរ ការបោកប្រាស់ និងការបាត់បង់សីលធម៌ ហាក់បានក្លាយជាប្រពៃណីទូទៅមួយក្នុងសង្គម។ ដើម្បីទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន ជនខ្លះហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាង ដោយគ្មានសេចក្ដីអៀនខ្មាស។
នៅពេលដែលរាស្ត្រនៅតែមានការសង្ស័យថា ឈ្មួញប្រើល្បិចបោកប្រាស់ មន្ត្រីភូតកុហកបិទបាំងការពិត និងឃុបឃិតជាមួយឈ្មួញ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ខណៈអ្នកនយោបាយនិយាយឱ្យតែពិរោះស្ដាប់ នោះវានឹងធ្វើឱ្យរាស្ត្រលែងទុកចិត្តមន្ត្រី មន្ត្រីលែងខ្វល់ពីគុណធម៌ ឈ្មួញលែងស្គាល់បុណ្យបាប និងអ្នកនយោបាយខ្វល់តែសន្លឹកឆ្នោត និងលាភសក្ការៈ។ ជាលទ្ធផល ទោះបីជាមានអ្នកណានិយាយការពិត ក៏គ្មាននរណាជឿ។ ក្នុងសង្គមដែលសីលធម៌ គុណធម៌ និងសច្ចធម៌ ត្រូវបានមើលរំលង មនុស្សនឹងរស់នៅដោយមន្ទិលសង្ស័យលើគ្នាជានិច្ច។ សកម្មភាពណាមួយរបស់មន្ត្រី ឬអ្នកនយោបាយ ក៏អាចត្រូវបានមើលថាជាការសម្ដែង ជំនួសឱ្យភាពស្មោះត្រង់ពីបេះដូងពិតប្រាកដ។
លោកបណ្ឌិតបន្ថែមថា គ្រាន់តែរឿង «ទុរេន» ប៉ុណ្ណោះ ក៏យើងមិនអាចស្វែងរកសច្ចភាព ដើម្បីកសាងទំនុកចិត្តគ្នាបានផង តើយើងអាចរំពឹងឱ្យសង្គមនេះរួបរួមជាធ្លុងមួយ ដើម្បីទប់ទល់នឹងបញ្ហាធំៗបានយ៉ាងដូចម្តេច?
ក្នុងនាមជាខ្មែរទាំងអស់គ្នា ទាំងរាស្ត្រ ឈ្មួញ មន្ត្រី និងអ្នកនយោបាយ លោកបានអំពាវនាវឱ្យបញ្ឈប់ការកុហក ការភូតភរ និងការបោកប្រាស់គ្នាឯង ហើយរួមគ្នាកសាងទំនុកចិត្តឡើងវិញ ដើម្បីភាពរឹងមាំ និងសេចក្ដីថ្លៃថ្នូរនៃសង្គមជាតិ។ អត្ថបទ៖ ឡាយ កុល








