Skip to main content
Preah Sihanouk Provincial Television
Log in

សម្តេចតេជោ គាំទ្រយន្តការអន្តរជាតិ៖ ជំរុញដោះស្រាយបញ្ហាតំបន់សមុទ្រត្រួតស៊ីគ្នាតាមច្បាប់សមុទ្រ ឆ្នាំ១៩៨២

KPS99TVHistorical original · translation unavailable

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគោលជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាតំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ ដោយបញ្ជាក់ថា គួរតែអនុវត្តតាមយន្តការច្បាប់សមុទ្រ ឆ្នាំ១៩៨២ (UNCLOS) ជាផ្លូវការ ដោយមានការចូលរួមពីភាគីទី៣ ដើម្បីធានាការសម្រេចយុត្តិធម៌ និងតម្លាភាព។

ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីភាគីថៃបានលុបចោលអនុស្សរណៈយោគយល់ (MOU 2001) ជាឯកតោភាគី។ សម្តេចតេជោបានបញ្ជាក់យ៉ាងច្បាស់ថា មិនគួរបង្កើតយន្តការទ្វេភាគីថ្មីណាមួយ ដើម្បីជំនួស MOU 2001 នោះឡើយ ប៉ុន្តែគួរប្តេជ្ញាដើរតាមគន្លងច្បាប់អន្តរជាតិ ដែលអាចធានាបាននូវភាពត្រឹមត្រូវ និងយុត្តិធម៌សម្រាប់ភាគីទាំងពីរ។

សម្តេចតេជោ ក៏បានរំលឹកអំពីបទពិសោធន៍រយៈពេលវែងក្នុងការចរចាបញ្ហានេះ ចាប់តាំងពីសម័យអតីតនាយករដ្ឋមន្ត្រីថៃ ឆាត ឆៃឈុនហាវ៉ាន់ នៅឆ្នាំ១៩៨៩-១៩៩០ រហូតដល់ការចុះហត្ថលេខាលើ MOU 2001។ ទន្ទឹមនឹងការសោកស្តាយចំពោះការលុបចោល MOU ដោយភាគីថៃ សម្តេចក៏បានលើកឡើងថា ការខ្វះវឌ្ឍនភាពមិនមែនមកពីកម្ពុជា ប៉ុន្តែអាចពាក់ព័ន្ធនឹងការផ្លាស់ប្តូរនយោបាយខាងក្នុងរបស់ថៃ ដែលមានការផ្លាស់ប្តូនាយករដ្ឋមន្ត្រីជាច្រើនលើកក្រោយឆ្នាំ២០០៦។

យ៉ាងណាមិញ សម្តេចតេជោបានសង្កត់ធ្ងន់ថា ទោះមានការផ្លាស់ប្តូរថ្នាក់ដឹកនាំក៏ដោយ ភាគីថៃនៅតែបន្តការចរចាជាមួយកម្ពុជា ជាដំណាក់កាលៗ ហើយបានលើកឧទាហរណ៍កិច្ចជំនួបក្នុងឆ្នាំ២០១០ ជាមួយមន្រ្តីជាន់ខ្ពស់ថៃ ដែលបង្ហាញពីចេតនានៃការរកដំណោះស្រាយរួម។

ជាមួយគ្នានេះ សម្តេចតេជោបានអំពាវនាវឲ្យគ្រប់ភាគីជៀសវាងការបកស្រាយថា កម្ពុជាកំពុងធ្វើអន្តរជាតូបនីយកម្មបញ្ហាទ្វេភាគី ឬបង្កើតស្ថានការណ៍ដើម្បីអញ្ជើញភាគីទី៣ចូលរួម។ សម្តេចបញ្ជាក់ថា ការប្រើប្រាស់យន្តការអន្តរជាតិគឺជាវិធីសាស្ត្រស្តង់ដារដែលអាចធានាបាននូវភាពត្រឹមត្រូវ និងអធិបតេយ្យភាពរបស់ប្រទេស។

នៅចុងបញ្ចប់ សម្តេចតេជោបានបង្ហាញក្តីសង្ឃឹមថា កម្ពុជា និងថៃ នឹងអាចដឹកដៃគ្នា ដើម្បីដោះស្រាយបញ្ហាតាមយន្តការអន្តរជាតិ ដែលមានសមត្ថកិច្ចលើបញ្ហាសមុទ្រ៕ ដោយ៖ សុខ ស៊ីណាន

 

Comments

Loading comments…