Skip to main content
Preah Sihanouk Provincial Television
Log in

ប្រេងសាំងចុះថ្លៃវិញហើយ! រាជរដ្ឋាភិបាលបន្តវិធានការជួយសម្រួលជីវភាពដល់ពលរដ្ឋ

KPS99TVHistorical original · translation unavailable

បើតាមក្រសួងពាណិជ្ជកម្ម បានជូនដំណឹងដល់ប្រជាពលរដ្ឋកម្ពុជា ខណៈតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ត្រូវបានកែសម្រួលចុះបន្តិចសម្រាប់សប្ដាហ៍នេះ ដែលជាការជួយសម្រាលបន្ទុកការចំណាយប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងស្ថានភាពសេដ្ឋកិច្ចដែលនៅតែមានសម្ពាធ។

តាមសេចក្ដីជូនដំណឹង តម្លៃថ្មីនៃប្រេងឥន្ធនៈ ចាប់អនុវត្តពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ តទៅ រហូតដល់មានការជូនដំណឹងថ្មី មានដូចជា៖
ប្រេងសាំងធម្មតា (Gasoline 92) តម្លៃ ៥,១៥០ រៀល ក្នុង១លីត្រ
ប្រេងម៉ាស៊ូត (Gasoil 10ppm) តម្លៃ ៥,២០០ រៀល ក្នុង១លីត្រ

ការបញ្ចុះតម្លៃនេះ បានធ្វើឱ្យប្រជាពលរដ្ឋជាច្រើនសម្ដែង ការសប្បាយចិត្ត ខណៈតម្លៃប្រេង នៅលើទីផ្សារអន្តរជាតិនៅតែមានការប្រែប្រួល និងស្ថិតក្នុងស្ថានភាពមិនទាន់មានស្ថិរភាពពេញលេញ។

ដើម្បីជួយសម្រួលជីវភាពប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តអនុវត្តវិធានការជាច្រើនដូចជា កាត់បន្ថយអាករបន្ថែមលើប្រេងសាំង និងម៉ាស៊ូតមកត្រឹមសូន្យដុល្លារ បញ្ចុះអាករពិសេសលើម៉ាស៊ូតពី ៤% មក ០% និងកាត់បន្ថយអាករតម្លៃបន្ថែម (VAT) ពី ១០% មកនៅត្រឹម ៤% ខណៈរដ្ឋជាអ្នកទទួលបន្ទុកចំនួន ៦%។

វិធានការទាំងនេះត្រូវបានមើលឃើញថា ជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាតម្លៃទីផ្សារ ឱ្យមានស្ថិរភាព និងកាត់បន្ថយ ផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ពិសេសនៅពេលសេដ្ឋកិច្ចពិភពលោក នៅតែប្រឈមភាពមិនច្បាស់លាស់។

ជាមួយគ្នានេះ ក៏មានការអំពាវនាវឱ្យប្រជាពលរដ្ឋ ប្រើប្រាស់ថាមពល ដោយសន្សំសំចៃ និងគ្រប់គ្រងការចំណាយឱ្យមានប្រសិទ្ធភាព ដើម្បីអាចទប់ទល់នឹងការប្រែប្រួលសេដ្ឋកិច្ចនានាបានកាន់តែល្អប្រសើរ៕

អត្ថបទ ៖ ឡាយ កុល

Comments

Loading comments…