Skip to main content
Preah Sihanouk Provincial Television
Log in

ឃាត់ខ្លួនជនសង្ស័យឆបោកតាមអនឡាញ ២,២៧០នាក់

Historical original · translation unavailable

ជនសង្ស័យសរុប២,២៧០នាក់ក្នុងនោះស្រី៤២៤នាក់ ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្ដិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(OnlineScams) គិតចាប់ពីថ្ងៃទី២៧ ខែមិថុនាដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់ពីគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.)។ 

ក្នុងចំណោមជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានជនជាតិវៀតណាម៤២៩នាក់(ស្រី១១៥នាក់), ជនជាតិឥណ្ឌូនេស៊ី២៧១នាក់(ស្រី៤៥នាក់), ជនជាតិចិន៧០២នាក់(ស្រី៩៧នាក់), ជនជាតិកូរ៉េ៥៧នាក់(ស្រី២នាក់), បង់ក្លាដែស៧០នាក់(ស្រី២៧នាក់), ប៉ាគីស្ថាន៤២នាក់(ស្រី៣នាក់) និងជនជាតិផ្សេងៗទៀតរួមមាន ថៃ ឡាវ ឥណ្ឌា នេប៉ាល់ ហ្វីលីពីន និងមីយ៉ាន់ម៉ាជាដើម។ 

រយៈពេលពីរថ្ងៃចុងក្រោយយុទ្ធនាការបោសសម្អាតអំពើឆបោកតាមអនឡាញ បានរកឃើញជនបរទេសដែលបានចូលមកកម្ពុជាដើម្បីធ្វើសកម្មភាពល្មើសដល់ទៅជិត១០០នាក់។ ចំពោះឧបករណ៍វត្ថុតាងដែលដកហូតបានមានដូចជាកុំព្យូទ័រ កុំព្យូទ័រយួរដៃ ទូរសព្ទ ម្សៅអេស្ដាស៊ី(ថ្នាំញៀន) សម្លៀកបំពាក់ប៉ូលិសចិនមួយចំនួន ជញ្ជីងថ្លឹង-ប្រអប់ដាក់គ្រឿងញៀន ម្សៅក្រាមពណ៌សសង្ស័យសារធាតុញៀនអាវុធ គ្រាប់កាំភ្លើង និងសម្ភារមួយចំនួនទៀត។ 

ប្រតិបត្ដិការបង្ក្រាបនេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំលើកទី១របស់ គ.ប.ឆ.ប. កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ខណៈនាយករដ្ឋមន្ដ្រីក៏ទើបបានចេញបទបញ្ជាបន្ថែមកាលពីថ្ងៃទី១៤ ខែកក្កដា ត្រូវតែបោសសម្អាតបទល្មើសឆបោកនេះឱ្យបានជាដាច់ខាត។

ក្រោយប្រតិបត្តិការបង្ក្រាប ទីតាំងនិងជនសង្ស័យត្រូវបានអាជ្ញាធររាជធានី-ខេត្ត គ្រប់គ្រង និងបិទទីតាំងមិនឱ្យមានការចេញ-ចូល។ ចំណែកមុខសញ្ញាមេក្លោងត្រូវបានបញ្ជូនទៅតុលាការដើម្បីអនុវត្តនីតិវិធី(រាជធានីភ្នំពេញបានបញ្ជូនមេក្លោង១១នាក់និងវត្ថុតាងទៅតុលាការ) ព្រមទាំងសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមរៀបចំបញ្ជូនជនបរទេសទៅកាន់មណ្ឌលរង់ចាំត្រៀមបណ្ដេញចេញទៅក្រៅប្រទេស។ រីឯវត្ថុតាងរឹបអូសមួយចំនួនត្រូវបានប្រគល់ជូនតុលាការ និងមួយចំនួនទៀតស្ថិតក្រោមការគ្រប់គ្រង រក្សាទុករបស់អាជ្ញាធររាជធានី-ខេត្ត សម្រាប់បម្រើឱ្យជំនាញធ្វើការស្រាវជ្រាវបន្ត។

គួរជម្រាបថា គណៈបញ្ជាការឯកភាពរាជធានី-ខេត្តចំនួន១២រួមមាន រាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ កំពង់ស្ពឺ បន្ទាយមានជ័យ ក្រចេះ ពោធិ៍សាត់ កំពត កោះកុង ឧត្ដរមានជ័យ ស្ទឹងត្រែង និងខេត្តកំពង់ចាម បានចុះធ្វើប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសរុបបាន៤៥ទីតាំង/ករណី ដែលចំនួននេះបានកើនបន្ថែម២៥ទីតាំងបើធៀបនឹងចំនួនសរុបកាលពីថ្ងៃទី១៧ ខែកក្កដា ដោយបានបង្ហាញពីសន្ទុះនៃយុទ្ធនាការចុះបង្រ្កាបតាមទីតាំងសង្ស័យ៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…