អភិបាលខេត្តព្រះសីហនុ ឯកឧត្តម ម៉ាង ស៊ីណេត បានប្រគល់ភារកិច្ចឱ្យលោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត សិក្សានិងរៀបចំការគ្រប់គ្រង់ទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ ដើម្បីបន្សុទ្ធទឹកកខ្វក់ដែលបានប្រើប្រាស់រួចឱ្យក្លាយជាទឹកស្អាត ស្របតាមស្តង់ដារបរិស្ថាន មុននឹងបញ្ចេញចោលទៅក្នុងសមុទ្រ។ នេះជាការលើកឡើងរបស់ឯកឧត្តមអភិបាលខេត្ត ក្នុងកិច្ចប្រជុំពិនិត្យការគ្រប់គ្រងវេចខ្ចប់ទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។
ឯកឧត្តម ម៉ាង ស៊ីណេត បានណែនាំឱ្យប្រជាពលរដ្ឋជួយចូលរួមវេចខ្ចប់ទឹកកខ្វក់ឱ្យបានត្រឹមត្រូវ។ ចំណែកក្នុងកិច្ចប្រជុំ បានពិភាកក្សាប្រមូលធាតុចូលពីមន្រ្តីជំនាញពាក់ព័ន្ធយ៉ាងផុលផុស។ ដោយឡែក ដើម្បីឱ្យការងារខាងលើដំណើរការទៅដោយរលូន និងមានប្រសិទ្ធភាព ឯកឧត្តមអភិបាលខេត្ត ឱ្យលោក ឡុង ឌីម៉ងជួយសិក្សាជាមួយវិស័យឯកជន ក្នុងការបន្តនីតិវិធីដើម្បីរៀបចំឆ្លងគោលការណ៍ទៅក្រុមប្រឹក្សាខេត្ត បន្ទាប់ពីឆ្លងក្រុមប្រឹក្សាខេត្តរួច ប្រសិនបើគ្មានការប្រែប្រួលទេ ឯកឧត្តមថានឹងធ្វើការជាមួយវិស័យឯកជនក្នុងការគ្រប់គ្រងវេចខ្ចប់ទឹកកខ្វក់។
ដោយឡែក បើតាមរបាយការណ៍របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានបង្ហាញថា គិតត្រឹមឆមាសទី២ ឆ្នាំ២០២៥ ក្រុមការងារជំនាញ បានតភ្ជាប់បណ្តាញតាមលំនៅឋានថ្មីចំនួន ៨៣តំណ, ការងារថែទាំបណ្តាញដែលកកស្ទះដោយបាញ់ទឹកលាងសម្អាតចំនួន ៣៥រថយន្ត, រថយន្តបូមសម្អាតអាងស្តុកតាមនៅលំឋាន ៣រថយន្ត, រថយន្តបូមឯកជន (កិច្ចសន្យាក្នុងការចាក់សំណល់ភក់ក្នុងស្ថានីយ ១៦ហិចតា) បាន ១,២៤១រថយន្ត, ការងារកើបកាកសំណល់ក្នុងស្ថានីយ ១៦ហិចតា បាន១៨ម៉ែត្រគូប និងចុះអប់រំ ផ្សព្វផ្សាយ និងជំរុញឱ្យប្រជាពលរដ្ឋតភ្ជាប់បណ្តាញលូទឹកកខ្វក់ជាប្រចាំ ២៩ដង។
សូមជម្រាបថា គិតត្រឹមខែមីនា ឆ្នាំ២០២៤ ខេត្តព្រះសីហនុ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន ៣កន្លែង ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមរបស់ខេត្តក្នុងការបញ្ចេញកាកសំណល់ប្រើប្រាស់ដែលមានចំនួនច្រើន និងមានសារធាតុពុលអាចបង្កផលប៉ះពាល់ដល់បរិស្ថានជុំវិញដូចជាមនុស្ស សត្វ រុក្ខជាតិ ជីវចម្រុះ និងឆ្នេរសមុទ្រជាដើម។
ទាំង៣កន្លែងនោះ រួមមាន៖ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ១ មានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងបរិមាណ ៥,២០០ម៉ែត្រគូបក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៣ មានផ្ទៃដី ៣៦៤ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងបរិមាណ ៧,២០០ម៉ែត្រគូបក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី ៤ មានផ្ទៃដី ៤៨៦ហិកតា ស្ថិតក្នុងសង្កាត់លេខ៣ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២០,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៥ និងតំបន់ទី៦ មានផ្ទៃដី ២,៦៩០ហិកតា ស្ថិតក្នុងសង្កាត់លេខ៤៕
អត្ថបទ៖ ង៉ែត ពិសាន្ត
អត្ថបទ៖ កែវ ដារ៉ា






