Skip to main content
Preah Sihanouk Provincial Television
Log in

ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានលើស ៩ ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២៦

KPS99TVHistorical original · translation unavailable

យោងតាមទិន្នន័យរបស់អគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២៦ សម្រេចបានទឹកប្រាក់សរុបជាង ៩ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ២៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥។
ក្នុងនោះ កម្ពុជាបាននាំចេញទៅកាន់ទីផ្សារចិនក្នុងតម្លៃជាង ៧៥៣ លានដុល្លារ កើនឡើង ១៨,៨% ខណៈការនាំចូលពីប្រទេសចិនមកកម្ពុជា មានតម្លៃប្រមាណ ៨,៦៣ ពាន់លានដុល្លារ កើនឡើង ២៣,៣%។ ជាលទ្ធផល កម្ពុជាមានឱនភាពពាណិជ្ជកម្មជាមួយចិនប្រមាណ ៧,៨ ពាន់លានដុល្លារ។
ផលិតផលសំខាន់ៗដែលកម្ពុជានាំចេញទៅប្រទេសចិន រួមមានផលិតផលកសិកម្ម គ្រឿងសង្ហារឹម គ្រឿងអលង្ការ និងផលិតផលវាយនភណ្ឌ។ ចំណែកទំនិញដែលកម្ពុជានាំចូលពីចិនភាគច្រើនជាវត្ថុធាតុដើមសម្រាប់រោងចក្រ និងសហគ្រាស ព្រមទាំងផលិតផលប្រើប្រាស់ប្រចាំថ្ងៃ អាហារ ភេសជ្ជៈ រថយន្ត គ្រឿងម៉ាស៊ីន សម្ភារសំណង់ និងឧបករណ៍អគ្គិសនី-អេឡិចត្រូនិក។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ទោះបីកម្ពុជានាំចូលពីចិនច្រើនជាងនាំចេញក៏ដោយ ប៉ុន្តែស្ថានភាពនេះមិនមែនជាកត្តាគួរឱ្យព្រួយបារម្ភនោះទេ ព្រោះកម្ពុជានៅតែរក្សាបានកំណើនសេដ្ឋកិច្ចល្អប្រសើរ។
លោកបញ្ជាក់ថា កម្ពុជានៅតែត្រូវការវត្ថុធាតុដើមពីចិន និងបណ្តាប្រទេសផ្សេងៗ ដើម្បីយកមកកែច្នៃ និងផលិតជាផលិតផលសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។
យោងតាមក្រសួងពាណិជ្ជកម្ម កាលពីឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបានទឹកប្រាក់សរុប ១៩,៧៣ ពាន់លានដុល្លារ។ ក្នុងនោះ កម្ពុជានាំចេញទៅចិនមានតម្លៃ ១,៦៨ ពាន់លានដុល្លារ ថយចុះ ៣,៦៤% ខណៈការនាំចូលពីចិនមានតម្លៃ ១៨ ពាន់លានដុល្លារ កើនឡើង ៣៤,២៩% បើធៀបនឹងឆ្នាំមុន៕ ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…