Skip to main content
Preah Sihanouk Provincial Television
Log in

សិស្សទី១២នៅខេត្តព្រះសីហនុត្រៀមប្រយុទ្ធនៅថ្ងៃបាក់ឌុបរួចជាស្រេចនិងប្តេជ្ញាយកនិទ្ទេសល្អ

KPS99TVHistorical original · translation unavailable

នៅសល់តែ៥៩ថ្ងៃទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬអាចនិយាយបានថាការខិតខំរបស់សិស្សរយៈពេល១២ឆ្នាំនឹងត្រូវបានបញ្ចប់។ ទន្ទឹមនឹងនេះ សិស្សថ្នាក់ទី១២ នៃគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅក្នុងខេត្តព្រះសីហនុ បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចនិងប្តេជ្ញាប្រឡងយកនិទ្ទេសល្អ។ ដូច្នេះតើសិស្សទាំងនេះបានត្រៀមលក្ខណៈអ្វីខ្លះ ហើយបានប្តេជ្ញាចិត្តដូចម្តេចសម្រាប់បាក់ឌុបឆ្នាំសិក្សា២០២៥-២០២៦?

ចំពោះយុវតី សេង គីមអ៊ី សិស្សទី១២ នៃសាលាសុវណ្ណភូមិសាខាទី១០ខេត្តព្រះសីហនុ បានបញ្ជាក់ថា៖ «ខ្ញុំជ្រើសរើសប្រឡងថ្នាក់វិទ្យាសាស្រ្តសង្គម ដោយសារតែការស្រឡាញ់ ហើយខ្ញុំបានត្រៀមខ្លួនរួចជាស្រេចទាំងការរៀបចំកាលវិភាគសិក្សា និងសុខភាពសម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិនៅថ្ងៃទី១០ សីហាខាងមុខនេះ»។ យុវតី សេង គីមអ៊ី បានបន្ថែមថា៖ «ខ្ញុំចង់បាននិទ្ទេសល្អ ហើយនិទ្ទេសដែលខ្ញុំមានគោលដៅចង់បានគឺនិទ្ទេស B»។

បើតាម គីមអ៊ី «ខ្ញុំមិនមានការភ័យព្រួយអីខ្លាំងទេ។ ផ្ទុយទៅវិញ ខ្ញុំមានការលើកទឹកពីឪពុកម្តាយ និងលោកគ្រូ-អ្នកគ្រូឱ្យថែរក្សាសុខភាព និងខិតខំសិក្សាបន្ថែមតាមរយៈការមើលវិញ្ញាសារចាស់ៗ និងរៀនដោះស្រាយលំហាត់តាមកម្មវិធីយូធូបជាដើម»។

គីមអ៊ី បានប្តេជ្ញាចិត្តថា នឹងបញ្ចេញឱ្យអស់សមត្ថភាពនៅថ្ងៃទី១០ ខែសីហាខាងមុខ ដើម្បីទទួលបាននិទ្ទេសដែលខ្លួនចង់បាន។ មិនតែប៉ុណ្ណោះ គីមអ៊ី បានបង្ហើបប្រាប់ថា «ប្រសិនបើខ្ញុំបានប្រឡងជាប់ ខ្ញុំនឹងទៅបន្តការសិក្សានៅសកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ និងចាប់យកជំនេញ៖ «ឡូជីស្ទីក» ព្រោះខ្ញុំយល់ថា ព្រះសីហនុជាខេត្តដែលអភិវឌ្ឍន៍ខ្លាំងខាងវិស័យដឹកជញ្ជូនខ្ញុំចង់ធ្វើការនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ»។

ចំណែក មិត្តភក្តិម្នាក់របស់ គីមអ៊ី បានបញ្ជាក់ថា «ខ្ញុំនៅផ្នែក«វិទ្យាសាស្រ្តពិត» ខ្ញុំចង់បាននិទ្ទេស B ។ ខ្ញុំប្តេជ្ញានឹងខិតខំប្រឹងប្រែងហើយស្វ័យសិក្សាខ្លួនឯងបន្ថែម មិនថានៅសាលារៀន ឬនៅផ្ទះនោះទេ ខ្ញុំបានរៀនដោះស្រាយលំហាត់ និងមើលពីរបៀបនៃដោះស្រាយតាមរយៈវីដេអូរបស់លោកគ្រូ-អ្នកគ្រូ និងតាមយូធូប ព្រមទាំងយកលំហាត់ដែលលោកគ្រូដាក់ឱ្យមកអនុវត្តបន្ថែមទៀត ដើម្បីទទួលបានលទ្ធផលក្នុងរយៈពេល២ថ្ងៃហ្នឹង»។

យុវតីរូបនេះ បានបន្តថា «មូលហេតុដែលខ្ញុំជ្រើសរើសថ្នាក់វិទ្យាសាស្រ្តពិត ដោយសារតែខ្ញុំអត់ពូកែក្នុងការទន្ទេញមេរៀន ប៉ុន្តែមុខជំនាញដែលខ្ញុំស្រឡាញ់ហើយចង់រៀននៅសកលវិទ្យាល័យ គឺជំនាញ «នីតិសាស្រ្ត» ដោយសារតែខ្ញុំចង់ធ្វើមេធាវី និងជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ»។

ដោយឡែក មិត្តភក្តិម្នាក់ទៀតរបស់ គីមអ៊ី ក៏បានបង្ហើបឱ្យដឹងដែរថា ខ្ញុំជ្រើសយកថ្នាក់វិទ្យាសាស្រ្តសង្គម ខ្ញុំក៏ចង់បាននិទ្ទេស B ដែរ ហើយខ្ញុំបានរៀបកាលវិភាគក្នុងការរៀនសូត្របានយ៉ាងច្បាស់លាស់ ថែមទាំងអនុវត្តធ្វើលំហាត់ មើលមេរៀន និងវិញ្ញាសាផ្សេងៗទៀត។ ខ្ញុំមិនមានការភ័យព្រួយឡើយ និងប្តេជ្ញាចិត្តប្រឡងយកនិទ្ទេសដែលខ្លួនចង់បានឱ្យទាល់តែបាន។ នៅពេលប្រឡងជាប់ ខ្ញុំចង់ទៅបន្តការសិក្សានៅសកលវិទ្យាល័យមួយក្នុងក្រុងភ្នំពេញ ដោយចាប់យកជំនាញ គ្រប់គ្រងហិរញ្ញវត្ថុ»។ រីឯ មិត្តភក្តិម្នាក់ទៀតរបស់ គីមអ៊ី ដដែល បានបញ្ជាក់ដែរថា«ខ្ខ្ញុំក៏ចង់បាននិទ្ទេស B ដូចគ្នាដែរ ខ្ញុំមិនមានអីវែងឆ្ងាយទេ ខ្ញុំនឹងខំប្រឹងប្រែងរៀនសូត្រដោយខ្លួនឯងហើយប្រឡងយកនិទ្ទេសដែលខ្លួនចង់បានឱ្យទាល់តែបាន»។

ចំណែក យុវតី ជី អេលីណា សិស្សថ្នាក់ទី១២នៃវិទ្យាល័យ ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ លើកឡើងថា «សម្រាប់ពួកយើងគឺបានត្រៀមខ្លួនរួចរាល់ហើយ ព្រោះពីដើមឆ្នាំមកពួកយើងបានសិក្សារៀនសូត្រ ហើយពេលខ្លះស្វ័យសិក្សាដោយខ្លួនឯង ខណៈនៅសល់ពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ពួកយើងកាន់តែត្រៀម កាន់តែខ្លាំង ហើយពេលខ្លះភ័យដែរ ប៉ុន្តែពួកយើងមិនមានអារម្មណ៍ថាមានសម្ពាធនោះទេ ហើយក៏មិនបោះបង់ការសិក្សានោះដែរ។ ផ្ទុយទៅវិញ ពួកយើងមានតែខិតខំរៀនបន្ថែម កាន់តែកៀគដល់ថ្ងៃ កាន់តែរៀនបន្ថែម»។

បើតាម អេលីណា «សុខភាពខ្ញុំគឺមិនមានបញ្ហាអ្វីនោះទេ ព្រោះពួកយើងបានរៀបចំរបបអាហាររបស់យើងបានល្អណាស់ ពិសេសកៀគថ្ងៃប្រឡងនេះតែម្តង យើងបានថែរក្សាសុខភាពរបស់យើង ហើយយើងមិនញ៉ាំអាហារណាដែលប៉ះពាល់សុខភាពរបស់យើងនោះទេ ព្រោះបង្ការ ការពារជិតដល់ថ្ងៃប្រឡង»។

អេលីណា បានបន្តថា៖ «ជិតដល់ថ្ងៃប្រឡងយើងមានអារម្មណ៍កាន់តែភ័យ អ៊ីចឹងពេលខ្លះធ្វើឱ្យអារម្មណ៍យើងនៅលើភ័យហ្នឹងខ្លាំងជាង អ៊ីចឹងយើងមើលមេរៀនទៅ យើងមានអារម្មណ៍ថា ខ្លួនច្របូកច្របល់ តែយើងមិនអីទេ សំខាន់អារម្មណ៍របស់យើងខ្លួនឯងយើងតាំងចិត្ត»។

ទន្ទឹមគ្នានេះ យុវតី ជី អេលីណា បានប្រាប់ឱ្យដឹងទៀតថា៖ «សម្រាប់ខ្ញុំចង់បាននិទ្ទេស B ឬ C ក៏បាន ប៉ុន្តែបើបាន A រិតតែល្អ»។ ចំណែកមិត្តភក្តិ២នាក់ផ្សេងទៀតរបស់អេលីណា ចង់បាននិទ្ទេស B ដែរ។ អេលីណា និងមិត្តភក្តិ ក៏បានប្តេជ្ញាចិត្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យអស់ពីលទ្ធភាពក្នុងរយៈពេល២ខែនេះ ដើម្បីទទួលបានលទ្ធផលដែលខ្លួនចង់បាន។

យ៉ាងណា អេលីណា បានទទួលការលើកទឹកចិត្តពីលោកគ្រូ-អ្នកគ្រូ និងឪពុកម្តាយ។ ក្នុងនោះ អេលីណា បញ្ជាក់ថា «មានលោកគ្រូ-អ្នកគ្រូជួយបង្រៀនម៉ោងបំប៉ន់បន្ថែមសមត្ថភាពរបស់យើងអ៊ីចឹងធ្វើឱ្យយើងមានកម្លាំងចិត្ត ហើយមានឪពុកម្តាយរបស់ខ្ញុំផ្ទាល់ គឺពួកគាត់ជួយជំរុញពួកខ្ញុំមែនទែនសម្រាប់ការរៀនសូត្រដោយពួកគាត់មិនដែលសូវប្រើយើងនោះទេ ដើម្បីឱ្យយើងផ្តោតលើការរៀនសូត្រ»។ បើតាម អេលីណា និងមិត្តភក្តិ បានបង្ហើបឱ្យដឹងថា ប្រសិនបើប្រឡងជាប់ ខ្លួននឹងចាប់យកជំនាញ គ្រប់គ្រង និងគណនេយ្យ ព្រោះពួកគេចូលចិត្តគិតលេខ និងមានចំណូលចិត្តខាងរកស៊ី។

ដោយឡែក យុវជន ថា វឌ្ឍនៈ សិស្សទី១២នៃសាលាវិទ្យាល័យជីវិត បានបញ្ជាក់ថា «តាមការកត់សម្គាល់របស់ខ្ញុំ ខ្ញុំឃើញថា ខ្ញុំបានត្រៀមខ្លួនបានប្រហែលជា ៧០ទៅ៨០ភាគរយហើយ អ៊ីចឹងនៅសល់រយៈពេលប្រហែលជិត ៦០ថ្ងៃទៀត វាជាឱកាសសម្រាប់ពួកខ្ញុំត្រៀមខ្លួនបន្ថែមទៀតទាំងការសិក្សានៅសាលារៀន នៅផ្ទះ និងការថែទាំសុខភាព»។

បើតាម វឌ្ឍនៈ «ខ្ញុំជ្រើសរើសថ្នាក់វិទ្យាសាស្រ្តសង្គម ហើយខាងសាលាបានជួយជំរុញពួកខ្ញុំច្រើនណាស់តាមរយៈការរៀបចំការសិក្សាបំប៉នជាច្រើនចំពោះសិស្សទាំងអស់ ប្រសិនបើសិស្សខ្សោយគាត់នឹងព្យាយាមបំប៉ន់ ព្យាយាមថែមម៉ោងឱ្យសិស្សមានឱកាសសិក្សាបន្ថែម»។ វឌ្ឍនៈ បានបង្ហើយពីគោលដៅថា« នឹងយកនិទ្ទេសឱ្យបានល្អខ្ទង់អាចនឹង BឬC នេះបើតាមការកត់សម្គាល់អំពីសមត្ថភាពរបស់ខ្ញុំខ្លួនឯង»។ តែយ៉ាងណា វឌ្ឍនៈ បានបញ្ជាក់ទៀតថា មុនប្រឡងបាក់ឌុបនេះ ខ្លួនមានបញ្ហាសុខភាពបន្តិចបន្តួច តែគ្រួសារបានជំរុញនិងលើកទឹកចិត្តឱ្យវឌ្ឍនៈផ្តោតយកពេលសិក្សារៀនសូត្រខ្លួនឯងច្រើនណាស់។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ពោលគឺនៅសល់តែប្រមាណ ៥៩ថ្ងៃទៀតប៉ុណ្ណោះ។ ចំណែក លទ្ធផលនឹងត្រូវប្រកាសនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦។ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ មុខវិជ្ជាដែលត្រូវប្រឡងរួមមាន៖ ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្ត្រខ្មែរ រូបវិទ្យា និងគណិតវិទ្យា។ ចំណែក ថ្នាក់វិទ្យាសាស្ត្រសង្គម មានមុខវិជ្ជា ផែនដី និងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌-ពលរដ្ឋ និងអក្សរសាស្ត្រខ្មែរ។ ដោយឡែក ប្រវត្តិវិទ្យា ជាមុខវិជ្ជាដែលក្រសួងអប់រំជ្រើសរើសសម្រាប់ការប្រឡង ថ្នាក់វិទ្យាសាស្ត្រ ខណៈផែនដី និងបរិស្ថានវិទ្យាសម្រាប់ប្រឡង ថ្នាក់វិទ្យាសាស្ត្រសង្គម៕

អត្ថបទ៖ ង៉ែត ពិសាន្ត

រូបភាព៖ កែវ ដារ៉ា

Comments

Loading comments…