Skip to main content
Preah Sihanouk Provincial Television
Log in

នគរបាលខេត្តព្រះសីហនុបើកប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាបបទល្មើសជាច្រើនករណី ឃាត់ខ្លួនជនសង្ស័យជាង ៤០នាក់

KPS99TVHistorical original · translation unavailable

ខេត្តព្រះសីហនុ៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានបន្តបង្ហាញប្រសិទ្ធភាពក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដោយក្នុងរយៈពេលពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសជាបន្តបន្ទាប់ និងឃាត់ខ្លួនជនសង្ស័យសរុបជាង ៤០នាក់ ពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់ជាច្រើនករណី។ ប្រតិបត្តិការនេះអនុវត្តឡើងក្រោមការដឹកនាំ និងចង្អុលណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ។

ក្នុងចំណោមសំណុំរឿងដែលត្រូវបានបង្ក្រាប មានករណីលួចកាត់ខ្សែភ្លើងនៅអគារជីនប៉ី១ និងអគារហ័ងឡឹក ដោយឃាត់ខ្លួនជនសង្ស័យ ៩នាក់ ករណីលួចម៉ូតូ និងលួចទ្រព្យសម្បត្តិ ៥នាក់ ករណីឆក់ទូរស័ព្ទ ៤នាក់ កាន់កាប់អាវុធខុសច្បាប់ ២នាក់ ករណីក្មេងទំនើងប្រើហិង្សា ៤នាក់ និងករណីហិង្សាក្នុងគ្រួសារ ព្រមទាំងលួចគ្រឿងបន្លាស់កុំព្យូទ័រ។ ជាមួយគ្នានេះ កម្លាំងជំនាញក៏បានស្រាវជ្រាវ និងបង្ក្រាបករណីធ្ងន់ៗមួយចំនួន រួមមានករណីហិង្សាដោយចេតនាបង្ករបួសស្នាមធ្ងន់ធ្ងរ ករណីប្លន់ប្រាក់ និងទ្រព្យសម្បត្តិ និងករណីប្រើអាវុធភ្ជង់ប្លន់យកម៉ូតូ ដោយឃាត់ខ្លួនជនសង្ស័យជាច្រើននាក់ ក្នុងនោះមានជនបរទេសផងដែរ។

ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានដកហូត និងប្រគល់ទ្រព្យសម្បត្តិជាច្រើនជូនជនរងគ្រោះវិញ រួមមានម៉ូតូ ទូរស័ព្ទដៃ ប្រាក់ និងសម្ភារផ្សេងៗ ព្រមទាំងដកហូតអាវុធ ដាវ ឧបករណ៍ប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើស និងវត្ថុតាងពាក់ព័ន្ធមួយចំនួនធំ។ បច្ចុប្បន្ន ជនសង្ស័យទាំងអស់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ខណៈបក្ខពួកមួយចំនួនទៀត កំពុងស្ថិតក្រោមការស្រាវជ្រាវតាមចាប់ខ្លួនបន្ត។ ដោយ៖ សុខ ស៊ីណាន

Comments

Loading comments…