Skip to main content
Preah Sihanouk Provincial Television
Log in

ក្រសួងអប់រំតម្រូវឱ្យសិស្សបង្កហិង្សានៅវិទ្យាល័យអង្គរកាខេត្តតាកែវ ធ្វើពលកម្មក្នុងសាលា១ខែពេញ ដោយមិនគ្រាន់តែសុំទោសនោះឡើយ

KPS99TVHistorical original · translation unavailable

យោងតាម ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការដាក់វិធានការចំពោះបាតុភាពអសកម្មរបស់សិស្សានុសិស្សនៅវិទ្យាល័យអង្គរកា ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្រសួងអប់រំ យុវជន និងកីឡា សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ សិស្សមួយក្រុមបានប្រើអំពើហិង្សាលើសិស្សស្រី១នាក់ នៅវិទ្យាល័យអង្គរកា ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបង្កឡើងដោយភាគីទាំងសងខាង ក្នុងរូបភាពជាការថតវីដេអូបំភ័យទៅវិញទៅមក ដែលត្រូវបានទទួលស្គាល់ពីភាគីទាំងសងខាងថាជាទង្វើខុសឆ្គង និងខុសទៅនឹងបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន។ ដំណោះស្រាយចុងក្រោយ ភាគីទាំងអស់ បានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ដោយមានការទទួលស្គាល់ និងចុះហត្ថលេខាពីឪពុកម្តាយ ឬអ្នកអាណាព្យាបាល និងសុំទោសគ្នាទៅវិញទៅមកត្រឹមត្រូវក្នុងសាលា។

ក្រសួងអប់រំបញ្ជាក់ថា ដើម្បីលុបបំបាត់សកម្មភាពហិង្សា និងអំពើអសីលធម៌ដែលបង្កឡើងដោយសិស្សានុសិស្សនៅក្នុង និងក្រៅសាលារៀន ក៏ដូចជាបង្ការកុំឱ្យមានករណីស្រដៀងគ្នានេះនៅតាមសាលារៀនផ្សេងទៀត ក្រសួងសម្រេច៖

ប្រគល់ភារកិច្ចជូននាយកសាលាចាត់តាំងអនុវត្តវិធានការកែប្រែបែបអប់រំ និងពលកម្មសាលា ដោយការបំពេញការងារស្ម័គ្រចិត្តក្នុងសាលារួមគ្នា ឬការងារបម្រើផលប្រយោជន៍សាធារណៈនៅក្នុងសាលារៀន ដូចជា បោសសម្អាតទីធ្លាសាលា រៀបចំសៀវភៅក្នុងបណ្ណាល័យ ស្រោចទឹកផ្កាជាដើមរយៈពេល១ខែ និងការងារដទៃទៀតតាមលទ្ធភាពជាក់ស្តែង និងក្រោមការត្រួតពិនិត្យរបស់គ្រូ ដោយត្រូវរបាយការណ៍ជូនក្រសួង តាមរយៈមន្ទីរអប់រំជាប្រចាំ។

ក្នុងករណីមិនកែប្រែឥរិយាបថ ឬនៅតែបន្តប្រព្រឹត្តសកម្មភាពហិង្សា សាលារៀននឹងត្រូវអនុវត្តវិធានការវិន័យបន្ថែមដូចជា ផ្អាកការសិក្សាជាបណ្តោះអាសន្នក្នុងរយៈពេលពី ១ ទៅ ២សប្តាហ៍ ឬ ប្តូរថ្នាក់រៀន ឬប្តូរទៅសិក្សានៅសាលារៀនផ្សេង។

ក្រសួងស្នើដល់ឪពុកម្តាយ ឬអ្នកអាណាព្យាបាលសិស្សបង្កើនការតាមដាន និងអប់រំកូនចៅបន្ថែម នៅផ្ទះ ទាំងផ្នែកអាកប្បកិរិយា ការសេពគប់មិត្តភក្តិ និងការប្រើប្រាស់បណ្តាញសង្គមឱ្យបានដិតដល់ជាងមុន និងត្រូវរាយការណ៍មកសាលាជាប្រចាំ។

ក្រសួងសូមណែនាំដល់នាយកសាលារៀន លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនដោយយកចិត្តទុកដាក់ខ្ពស់ ក្នុងការតាមដាន សង្កេត និងអន្តរាគមន៍ទាន់ពេលវេលាចំពោះរាល់សកម្មភាពមិនប្រក្រតីរបស់សិស្ស។ ជាមួយគ្នានេះ សាលារៀន ត្រូវពង្រឹងកិច្ចសហការជាមួយគ្រួសារ និងសហគមន៍ ក៏ដូចជាអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីជំរុញការចូលរួមរាល់កែសកម្មភាពក្នុងការអប់រំ បង្ការ និងលុបបំបាត់អំពើហិង្សាគ្រប់ទម្រង់នៅក្នុងនិងក្រៅសាលារៀន៕ ដោយ៖ ឡាយ កុល

Comments

Loading comments…