ដើម្បីចូលរួមយកចិត្តទុកដាក់បន្ថែមលើសុខភាពរបស់សិស្ស រួមទាំងការបង្ការហានិភ័យនៃការកើតជំងឺ ជាពិសេសជំងឺទឹកនោមផ្អែមដែលពាក់ព័ន្ធនឹងទម្លាប់ទទួលទានចំណីអាហារ ភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំង រដ្ឋបាលខេត្តព្រៃវែង បានប្រកាសហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងនៅក្នុងនិងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជនក្នុងភូមិសាស្រ្តខេត្តព្រៃវែង។ នេះបើតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្តព្រៃវែង ចេញនៅថ្ងៃទី១៦មិថុនា។
ការហាមឃាត់បែបនេះ ធ្វើឡើងបន្ទាប់ពីផ្អែកតាមទិន្នន័យរបស់មន្ទីរពេទ្យគន្ធបុប្ផា បច្ចុប្បន្នបានរកឃើញកុមារជិត ៧០០នាក់មានកើតជំងឺទឹកនោមផ្អែមប្រភេទ១ ដែលមានអាយុចន្លោះពី៧ឆ្នាំទៅ១០ឆ្នាំ ដោយសារកង្វះអាំងស៊ុយលីន ឬលំពែងមិនផលិតអាំងស៊ូយលីន និងការផឹកគ្រឿងកំប៉ុងច្រើន។ ក្នុងន័យនេះ រដ្ឋបាលក្រុងស្រុក ត្រូវណែនាំដល់គ្រឹះស្ថានសិក្សាកម្រិតបឋមសិក្សា មតេ្តយ្យសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យអនុវត្តឱ្យបានម៉ឺងម៉ាត់នូវបទប្បញ្ញត្តិនានា ដែលពាក់ព័ន្ធនឹងការលើកកម្ពស់សុវត្ថិភាពចំណី អាហារ និងអាហារប្រកបដោយសុខភាពនៅតាមគ្រឹះស្ថានសិក្សា។
ជាមួយគ្នានេះ ត្រូវដាក់បញ្ចូលបន្ថែមក្នុងបទបញ្ជាផ្ទៃក្នុង ឬក្រមប្រតិបត្តិរបស់គ្រឹះស្ថានសិក្សា ស្តីពីការហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការទទួលទានភេសជ្ជៈប៉ូវកម្លាំង នៅពេលគោរពទង់ជាតិ កិច្ចប្រជុំ ឬកម្មវិធីប្រមូលផ្តុំផ្សេងៗ របស់គ្រឺះស្ថានសិក្សា។
បន្ថែមពីនេះ ត្រូវចលនាអ្នកសិក្សា និងបុគ្គលិកអប់រំឱ្យចូលរួមក្នុងការផលិតស្លាកសញ្ញា ឬសារអប់រំ និងត្រូវពិនិត្យតាមដានរាល់សកម្មភាពនៃការទទួលទាន ការចែកចាយ ការតាំងលក់ ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ នៅក្នុងនិងជុំវិញបរិវេណគ្រឹះស្ថានសិក្សា ដើម្បីមានវិធានការដោះស្រាយ តាមស្ថានភាពជាក់ស្តែង ដូចជា បញ្ឈប់ការទទួលទាន ការចែកចាយ ការតាំងលក់ ការផ្សព្វផ្សាយពាណិជ្ជកម្ម និងការដកហូតភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទនៅនឹងកន្លែង និងបញ្ឈប់កិច្ចសន្យាលក់ដូរ ហើយត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅតាមមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីចូលរួមអនុវត្តសេចក្តីណែនាំនេះសំដៅធ្វើឱ្យ «គ្រឹះស្ថានសិក្សា គ្មានភេសជ្ជៈប៉ូវកម្លាំង»៕
ដោយ៖ ង៉ែត ពិសាន្ត



