Skip to main content
Preah Sihanouk Provincial Television
Log in

កម្ពុជា-យូណេស្កូ ប្តេជ្ញារួមគ្នាក្នុងការការពារ និងលើកកម្ពស់តម្លៃបេតិកភណ្ឌវប្បធម៌ទាំងរូបី និងអរូបី

KPS99TVHistorical original · translation unavailable

យោងតាមក្រសួងវប្បធម៌នៃកម្ពុជា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណៈកម្មការជាតិយូណេស្កូកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតលើកទី១១ នៃរដ្ឋភាគីអនុសញ្ញាឆ្នាំ២០០៣ ស្តីពី «ការការពារបេតិកភណ្ឌវប្បធម៌អរូបី» ដែលប្រព្រឹត្តទៅពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្ដាលអង្គការយូណេស្កូ នាទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។

ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Khaled El-Enany អគ្គនាយកអង្គការយូណេស្កូ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការយូណេស្កូ ព្រមទាំងបញ្ជាក់ជាថ្មីនូវសុឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ ថែរក្សា អភិរក្ស និងលើកតម្លៃបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ទាំងរូបី និងអរូបី។

ឯកឧត្តមក៏បានបង្ហាញពីតួនាទីនិងការប្តេជ្ញាចិត្តរបស់អង្គការយូណេស្កូការក្នុងការប្រើប្រាស់វប្បធម៌ និងបេតិកភណ្ឌវប្បធម៌ជាស្ពានសម្រាប់កិច្ចសន្ទនា ការយោគយល់គ្នាទៅវិញទៅមក និងការលើកកម្ពស់សន្តិភាព ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងជម្លោះ និងភាពតានតឹងនៅតំបន់ជាច្រើន។

កិច្ចពិភាក្សាបានផ្តោតជាសំខាន់លើការអនុវត្តកាតព្វកិច្ចរបស់រដ្ឋភាគីក្នុងការការពារ និងលើកតម្លៃបេតិកភណ្ឌវប្បធម៌អរូបី ស្របតាមគោលការណ៍នៃអនុសញ្ញាឆ្នាំ២០០៣។

ក្រសួងវប្បធម៌បន្ថែមថា លោកជំទាវបណ្ឌិតសភាចារ្យ និងឯកឧត្តមអគ្គនាយក បានផ្លាស់ប្តូរយោបល់អំពីការរៀបចំព្រឹត្តិការណ៍អបអរសាទរខួបលើកទី៧៥ នៃការចូលជាសមាជិករបស់ព្រះរាជាណាចក្រកម្ពុជាក្នុងអង្គការយូណេស្កូ ព្រមទាំងផែនការដំណើរទស្សនកិច្ចរបស់ឯកឧត្តមអគ្គនាយកមកកាន់កម្ពុជា ក្នុងឱកាសកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសនិយាយភាសាបារាំង នៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ ដែលនឹងជាឱកាសដ៏សំខាន់ក្នុងការរំលេចសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងយូណេស្កូ ក្នុងរយៈពេលជាងប្រាំពីរទសវត្សរ៍កន្លងមក៕

ដោយ ៖ ឡាយ កុល

Comments

Loading comments…