នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ, លេខាធិការដ្ឋានក្រុមការងារបាន
ប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងដែលទទួលបានការលើកទឹកចិត្តពិសេស ក្នុងឆ្នាំ ២០២៤ និង ឆមាសទី១ ឆ្នាំ ២០២៥ និងចុះពិនិត្យទីតាំងគម្រោងចំនួន ៦ដោយផ្តោតសំខាន់លើគម្រោងពាក់ព័ន្ធអគារ
កំពុងជាប់គាំងដោយមានការចូលរួមពីឯកឧត្តម លោក លោកស្រី សមាជិកក្រុមការងារ, លេខាធិការដ្ឋានក្រុមការងារ, តំណាងរដ្ឋបាលខេត្ត និង មន្ទីរជំនាញពាក់ព័ន្ធ។
កិច្ចប្រជុំ ឯកឧត្តម អ៊ឹម សុខធី ប្រធានលេខាធិការដ្ឋានក្រុមការងារបានជម្រាបជូនអង្គប្រជុំជ្រាបថា គិតចាប់ពីឆ្នាំ ២០២៤ និង ៦ ខែដើមឆ្នាំ ២០២៥ ក្រុមការងារជំរុញការវិនិយោគបានផ្តល់ការលើកទឹកចិត្តជូនដល់
គម្រោងវិនិយោគសរុបចំនួន៣៣១ គម្រោង និង បានខិតខំប្រឹងប្រែងជាមួយក្រសួងស្ថាប័ន ក្នុងការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគដែលបាន និង កំពុងបង្កើនជំនឿទុកចិត្តវិនិយោគ។
ឯកឧត្តម អ៊ឹម សុខធី មានប្រសាសន៍ថា ក្នុងចំណោមគម្រោងទាំង ៣៣១មានគម្រោងពាក់ព័ន្ធអគារជាប់គាំង ១៥៣ គម្រោង, គម្រោងពុំពាក់ព័ន្ធអគារជាប់គាំង(គម្រោងថ្មី) ១៤២ គម្រោង, គម្រោងពង្រីក
២៤ គម្រោង និង គម្រោងមានស្រាប់ ១២គម្រោង ដែលមានតម្រូវការសម្រាប់បញ្ចប់ការសាងសង់ និង អនុវត្តគម្រោង ប្រមាណ ៤ ៧៥៣លានដុល្លារអាម៉េរិក ។
ក្រៅពីការសម្រេចផ្តល់ការលើកទឹកចិត្តពិសេសជាគោលការណ៍, ក្រុមការងារបានសម្របសម្រួលចុះបញ្ជីសហគ្រាស, សម្របសម្រួលធ្វើផ្លូវ លូ ផ្តល់លិខិតអនុញ្ញាតសាងសង់អាជ្ញាបណ្ណទេសចរណ៍ អាជ្ញាបណ្ណអាជីវកម្ម
អចលនវត្ថុ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, រៀបចំវេទិកាទាក់ទាញ ដោយសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ, ផ្តល់ការប្រឹក្សាយោបល់ និងការសម្របសម្រួលដោះស្រាយសំណូមពរផ្សេងៗរបស់វិនិយោគិន
និង ធុរជន ទាំងខ្មែរ និង បរទេស។
ទន្ទឹមនឹងនេះ តាមរយៈការចុះពិនិត្យការអនុវត្តគម្រោងក្រុមហ៊ុនដែលទទួលបានការលើកទឹកចិត្ត មានអំណរសាទរ និងពេញចិត្តចំពោះកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាលហើយបានធ្វើការសម្រេចចិត្តវិនិយោគ
ក្នុងខេត្តព្រះសីហនុ។ ជាមួយនេះ ក្នុងទិដ្ឋភាពរួម ការអនុវត្តកម្មវិធីពិសេសនេះ ដែលជាគំនិតផ្តួចផ្តើមដ៏ប្រពៃរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី កំពុងផ្តល់ផលជាវិជ្ជមាន ដោយប្រែក្លាយអគារជាប់គាំងទៅជាទ្រព្យ
ដ៏មានតម្លៃ ដែលអាចប្រើប្រាស់បានសម្រាប់សេដ្ឋកិច្ចក្នុងខេត្ត និងប្រែក្លាយបញ្ហាប្រឈម ទៅជាកាលានុវត្តភាព, ព្រមទាំងជំរុញឱ្យអ្នកពាក់ព័ន្ធ ពីលើដល់ក្រោម ក្នុងការបំពេញការងារដោយបុរេសកម្មសកម្ម
និង អន្តរសកម្ម។
បច្ចុប្បន្នខេត្តព្រះសីហនុ មានសន្តិសុខ សណ្តាប់ធ្នាប់ និងបរិយាកាសវិនិយោគល្អប្រសើរ ដែលបានទាក់ទាញការវិនិយោគ និង ភ្ញៀវទេសចរ ក្នុងចំនួនច្រើននិង ច្រើនជាតិសាសន៍សមស្របជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍ
ពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា។ ក្នុងន័យនេះ ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុបន្តលើកទឹកចិត្តឱ្យធុរជន និង វិនិយោគិន អញ្ជើញដាក់ពាក្យ ឬស្នើមកក្រុមការងារជំរុញការវិនិយោគ
ក្នុងខេត្តព្រះសីហនុ ដើម្បីទទួលបានការលើកទឹកចិត្តការសម្របសម្រួល និង ការសម្រួលនីតិវិធីផ្សេងៗ ដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
+៨៥៥ ១២ ៩០២ ២០០, +៨៥៥ ៨៩ ៧២៦ ០២៨ និង +៨៥៥ ១៦ ៣២១ ០១០ ឬនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ២១ សង្កាត់/ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ +៨៥៥ ៩៣ ៨៥៨ ៥៤៣៕
អត្ថបទ ៖ KPS99TV






