សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រៀមវិធានការឆ្លើយតបនឹងឥទ្ធិពលបាតុភូត El Niño ដែលកម្ពុជាកំពុងទទួលរងឥទ្ធិពល។
ការណែនាំនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។
តាមសេចក្តីប្រកាសព័ត៌មាន សម្តេចនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយរដ្ឋបាលរាជធានី-ខេត្ត បន្តតាមដានស្ថានភាព និងផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
ជាមួយគ្នានេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវត្រៀមមធ្យោបាយសម្រាប់អន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋនៅពេលចាំបាច់ ខណៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការជាមួយក្រសួងពាក់ព័ន្ធ ត្រៀមស្បៀង និងសម្ភារៈ ដើម្បីជួយប្រជាកសិករដែលអាចរងផលប៉ះពាល់។
គួរបញ្ជាក់ថា El Niño ជាបាតុភូតអាកាសធាតុធម្មជាតិ ដែលអាចបង្កឱ្យមានគ្រោះរាំងស្ងួត ទឹកជំនន់ និងព្យុះ ព្រមទាំងប៉ះពាល់ដល់វិស័យកសិកម្ម ធនធានទឹក សេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋនៅតំបន់ជាច្រើនលើពិភពលោក៕
ដោយ៖ ង៉ែត ពិសាន្ត





