Skip to main content
Preah Sihanouk Provincial Television
Log in

រកឃើញហើយ! យុវជនដែលបន្សល់សំបុត្រថា «បើអ្នកបានឃើញសំបុត្រនេះ មានន័យថាខ្ញុំបានស្លាប់ហើយ» ត្រូវបានជួយសង្គ្រោះទាំងរបួសធ្ងន់នៅភ្នំគិរីរម្យ

KPS99TVHistorical original · translation unavailable

យុវជនម្នាក់ដែលបានបាត់ខ្លួននៅលើតំបន់ភ្នំគិរីរម្យ និងបានបន្សល់ទុកសំបុត្រមួយសន្លឹកមានខ្លឹមសារបង្ហាញពីការសម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួន ពេលនេះត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋប្រទះឃើញវិញហើយ ក្នុងស្ថានភាពមានរបួសធ្ងន់។

សូមរំលឹកថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ យុវជនរូបនេះបានទុកម៉ូតូចោលនៅចំណុចផ្លូវបំបែកជាបី ឆ្ពោះទៅកាន់ក្រុមហ៊ុនវីរៈប៊ុនថាំ ក្នុងតំបន់រមណីយដ្ឋានទេសចរណ៍លើ ឧទ្យានជាតិគិរីរម្យ ស្ថិតក្នុង ខេត្តកំពង់ស្ពឺ ដោយបន្សល់ទុកសំបុត្រមួយសន្លឹកសរសេរថា៖«បើអ្នកបានឃើញសំបុត្រនេះ មានន័យថាខ្ញុំបានស្លាប់ហើយ...» ព្រមទាំងបានទុកព័ត៌មានទាក់ទងទៅកាន់ក្រុមគ្រួសារ និងបញ្ជាក់ថា មានវីដេអូក្នុងទូរស័ព្ទដែលជាការសម្រេចចិត្តចុងក្រោយរបស់ខ្លួន។

រហូតដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ប៉ុស្តិ៍នគរបាលរដ្ឋបាលចំបក់ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា បានប្រទះឃើញបុរសម្នាក់នៅចំណុចអូរធំ (ស្ទឹងចម្លងទាវ) ដោយមានសភាពរបួសបែកមាត់ រងរបួសភ្នែកខាងឆ្វេង និងមានស្នាមរបួសនៅលើដងខ្លួន។

ក្រោយចុះទៅពិនិត្យនៅទីតាំង សមត្ថកិច្ចបានបញ្ជាក់ថា បុរសរូបនោះគឺ គន់ សុខហេង អាយុ ៣២ ឆ្នាំ មានទីលំនៅនៅភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ដែលបានបាត់ខ្លួនតាំងពីថ្ងៃទី១៩ ខែមិថុនាកន្លងមកពិតប្រាកដមែន។

តាមការសន្និដ្ឋានជាបឋមរបស់សមត្ថកិច្ច ជនរងគ្រោះអាចបានព្យាយាមលោតធ្វើអត្តឃាត ប៉ុន្តែមិនបណ្តាលឱ្យបាត់បង់ជីវិតនោះទេ។ បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីទទួលការព្យាបាលបន្ត៕

ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…