Skip to main content
Preah Sihanouk Provincial Television
Log in

ព្រឹកនេះសម្តេចនាយករដ្ឋមន្រ្តីអញ្ជើញប្រារព្ធទិវាមច្ឆជាតិនិងលែងកូនត្រី១.៥លានក្បាលចូលទន្លេវ៉ៃគោ

KPS99TVHistorical original · translation unavailable

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦នេះ អញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រី ១.៥លានក្បាលចូលទន្លេវ៉ៃគោ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ចាប់តាំងពីឆ្នាំ២០០៣មក ទិវាមច្ឆជាតិ១ កក្កដា ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងផ្សព្វផ្សាយនិងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសចូលរួមអភិរក្ស និងអភិវឌ្ឍធនធានជលផលប្រកបដោយនិរន្តរភាព សំដៅបង្កើនផលស្តុកមច្ឆជាតិ បំពេញសេចក្តីត្រូវការអាហារមូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ។ ជារៀងរាល់ឆ្នាំ ត្រីមេពូជ កូនត្រី និងវារីសត្វពូជក្នុងស្រុកប្រមាណ ៥លានក្បាល ត្រូវបានលែងចូលទៅក្នុងដែនទឹកធម្មជាតិ។

អាងទន្លេវ៉ៃគោមានទំហំ ១ ៦៨៦ហិកតានៅរដូវវស្សា អាចស្តុកទឹកបាន ៣០លានម៉ែត្រគូប និងមានទំហំ ១ ៣៥០ហិកតានៅរដូវប្រាំង អាចស្តុកទឹកបាន ១៥លានម៉ែត្រគូប។ ទន្លេវ៉ៃគោនៅតែរក្សាបាននូវតួនាទីដ៏សំខាន់ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងការនេសាទ និងធ្វើស្រែចំការ។

សូមជម្រាបថា ការរៀបចំប្រារព្ធទិវាមច្ឆជាតិនៅទន្លេវ៉ៃគោនាព្រឹកថ្ងៃនេះ គឺជាលើកទី២ហើយ។ លើកទី១ ត្រូវបានប្រារព្ធឡើងកាលពីឆ្នាំ២០១១ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…