Skip to main content
Preah Sihanouk Provincial Television
Log in

មន្ត្រីសាខា ក.ប.ប. ខេត្តតាកែវ និងខេត្តកណ្តាល ដកហូតនិងដុតកម្ទេចចោលសាច់បង្កក និងប្រហិតខូចគុណភាពសរុបជាង ១៦តោន

KPS99TVHistorical original · translation unavailable

យោងតាម អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំCCF (កបប) នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ដោយអនុវត្តតាមតួនាទីនិងភារកិច្ច ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលផ្តល់អណត្តិដោយច្បាប់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ និងធានានូវការធ្វើធុរកិច្ចដោយសុចរិត មន្រ្តីសាខា ក.ប.ប. ខេត្តតាកែវ និងខេត្តកណ្តាល បានចុះបំពេញការងារដូចខាងក្រោម៖

១. មន្រ្តីសាខា ក.ប.ប. ខេត្តតាកែវ បានចូលរួមត្រួតពិនិត្យ និងធ្វើតេស្តបឋមលើទំនិញប្រហិតហតដក ចំនួន ១៤បាវ ស្មើនឹង ៤៣៤គីទ្បូក្រាម និងប្រហិតសាច់ក្តាម ចំនួន ៥កេស ស្មើនឹង ៥០គីទ្បូក្រាម ដែលបានឃាត់ទុកដោយការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិភ្នំដិន ដោយមានការចូលរួមពីមន្ទីរពាណិជ្ជកម្មខេត្តតាកែវ អាជ្ញាធរដែនដី និងមន្រ្តីពាក់ព័ន្ធ។ជាលទ្ធផល មន្រ្តីជំនាញ សាខា ក.ប.ប. ខេត្តតាកែវ បានរកឃើញទំនិញទាំងពីរមុខនេះ បានដឹកជញ្ជូនមិនសមស្របតាមលក្ខណៈបច្ចេកទេស និងមិនមានអនាម័យត្រឹមត្រូវ(ខូចគុណភាព) និងមិនមានឯកសារបញ្ជាក់ត្រឹមត្រូវ។ ដោយមានការឯកភាពគ្នារវាងសមត្ថកិច្ចចម្រុះ ទំនិញត្រូវបានដកហូតនិងដុតកម្ទេចចោល នូវទំនិញ (ប្រហិតក្តាម និងហ៊តដក) ចំនួន ១៤បាវ និង ៥កេស ស្មើនឹង ៤៨៤ គីឡូក្រាម តាមនីតិវិធីជាធរមាន។

២. មន្រ្តីសាខា ក.ប.ប. ខេត្តកណ្តាល បានសហការជាមួយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និង អាជ្ញាធរពាក់ព័ន្ធ ក្រោមការសម្របសម្រួលនីតិវិធី និង ឯកភាពដោយអយ្យការអមសាលាដំបូងខេត្តកណ្តាល បានធ្វើការដុតកម្ទេចចោលទំនិញជាសាច់បង្កក និងទំនិញប្រហិតមួយចំនួន សរុបចំនួន១៦,២៤០គីឡូក្រាម ដែលបានរកឃើញនៅតាមទីតាំងឃ្លាំងស្ដុកនិងចែកចាយក្នុងខេត្តកណ្តាល នាពេលកន្លងមក នៅទីលានសម្រាមខណ្ឌដង្កោ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្មនឹងបន្តអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនដើម្បីការពារសិទ្ធិ និងផលប្រយោជន៍អ្នកប្រើប្រាស់ ក៏ដូចជាធានាឱ្យមានការប្រកួតប្រជែងលើទីផ្សារដោយសុចរិត និងសូមធ្វើការអំពាវនាវដល់សាធារណជនទាំងអស់ មេត្តាបន្តចូលរួមសហការក្នុងការផ្តល់ព័ត៌មានអំពីអំពើដែលប៉ះពាល់ដល់សិទ្ធិ និងអត្ថប្រយោជន៍អ្នកប្រើប្រាស់ ឬប៉ះពាល់ដល់សុវត្ថិភាពម្ហូបអាហារ តាមរយៈលេខទូរសព្ទសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ១២៦៦ ដោយអនុគ្រោះ៕

ដោយ ៖ ឡាយ កុល

Comments

Loading comments…