ឯកអគ្គរដ្ឋទូតសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជា បានអះអាងថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយហ្វីលីពីន នឹងបន្តអនុវត្តបេសកកម្មរបស់ខ្លួនដោយប្រកាន់ខ្ជាប់នូវគោលការណ៍តម្លាភាព និងអព្យាក្រឹត។
ការលើកឡើងនេះ ធ្វើឡើងក្នុងជំនួបរវាងលោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦។
ការបញ្ជាក់របស់ភាគីហ្វីលីពីន ធ្វើឡើងក្រោយពីអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានផ្ញើលិខិតតវ៉ាទៅកាន់អគ្គសេនាធិការហ្វីលីពីន ពាក់ព័ន្ធនឹងសកម្មភាពរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំប្រទេសថៃ ដែលបានឆ្លងចូលក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា នៅតំបន់ជិតប្រាសាទខ្នារ ស្ថិតក្នុងសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
កងយោធពលខេមរភូមិន្ទ បានចាត់ទុកសកម្មភាពនេះថា មិនស្របតាមគោលការណ៍អព្យាក្រឹតភាព ការកសាងទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះនៃការបង្កើតយន្តការក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នោះឡើយ។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ប្រទេសហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានប្តូរវេន ដែលបានរួមចំណែកសម្របសម្រួលដល់ការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ នាពេលកន្លងមក។
ក្នុងឱកាសនោះ សម្តេចធិបតី ក៏បានបញ្ជាក់សារជាថ្មីអំពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានា ដែលមានជាធរមានរវាងកម្ពុជា និងថៃ៕
ដោយ៖ ង៉ែត ពិសាន្ត








