មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានរកឃើញការកើនឡើងគួរឱ្យកត់សម្គាល់នៃជំងឺគ្រុនឈាមក្នុងរដូវវស្សាឆ្នាំនេះ ដោយគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ មានអ្នកជំងឺសរុបចំនួន ៣៦៩ករណី ដែលបង្ហាញពីស្ថានភាពរីករាលដាលគួរឱ្យព្រួយបារម្ភ។ ជុំវិញករណីនេះ អាជ្ញាធរអំពាវនាវឱ្យពលរដ្ឋគ្រប់មូលដ្ឋានចូលរួមសម្អាតបរិស្ថានជុំវិញលំនៅឋាន លុបបំបាត់ប្រភពទឹកដក់ និងអនុវត្តវិធានការការពារឱ្យបានជាប្រចាំ។
យោងតាមទិន្នន័យប្រព័ន្ធតាមដានជំងឺគ្រុនឈាម គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ខេត្តមណ្ឌលគិរី បានកត់ត្រាអ្នកជំងឺសរុប ៣៦៩ករណី ក្នុងនោះមានបុរស ១៨៦ករណី និងស្ត្រី ១៨៣ករណី ។ ចំនួននេះ បានកើនឡើងប្រមាណ១០០ករណីបន្ថែម ក្នុងសប្តាហ៍ទី២៦ នៃឆ្នាំ២០២៦។ នេះបើតាមការឱ្យដឹងពីលោក ប៉ែន គឹមហេង អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី។
ក្នុងចំណោមករណីទាំងនេះ មន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី បានទទួលព្យាបាលអ្នកជំងឺចំនួន ២៩៧ករណី ខណៈមន្ទីរពេទ្យស្រុកកោះញែកបានទទួលព្យាបាល ៧២ករណី។ រហូតមកដល់ពេលនេះ មិនទាន់មានករណីស្លាប់ដោយសារជំងឺគ្រុនឈាមនៅឡើយទេ ហើយក្រុមគ្រូពេទ្យកំពុងបន្តផ្តល់ការព្យាបាល និងតាមដានអ្នកជំងឺយ៉ាងយកចិត្តទុកដាក់។
លោក ប៉ែន គឹមហេង បញ្ជាក់ថា នៅទូទាំងខេត្តមានមណ្ឌលសុខភាពចំនួន១៦ និងមន្ទីរពេទ្យចំនួន២ ដែលមានលទ្ធភាពផ្តល់សេវាព្យាបាលជំងឺគ្រុនឈាម។ ចំណែកមណ្ឌលសុខភាពទាំង១៦ មានតួនាទីពិនិត្យ វាយតម្លៃ និងបញ្ជូនអ្នកជំងឺដែលសង្ស័យថាមានជំងឺគ្រុនឈាមទៅកាន់មន្ទីរពេទ្យ ដើម្បីទទួលការព្យាបាលបន្ត។
លោកបន្ថែមថា ក្រុមដែលប្រឈមហានិភ័យខ្ពស់ជាងគេ គឺកុមារ និងយុវវ័យដែលមានអាយុចន្លោះពី ៦ដល់ ១៨ឆ្នាំ។ កត្តាសំខាន់ដែលជំរុញឱ្យជំងឺនេះកើនឡើង គឺការធ្លាក់ភ្លៀងជាបន្តបន្ទាប់ បង្កឱ្យមានទឹកដក់នៅតាមលំនៅឋាន ដែលជាកន្លែងបង្កាត់ពូជមូសខ្លា ជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។
បច្ចុប្បន្ន មន្ទីរសុខាភិបាលខេត្តកំពុងបន្តយុទ្ធនាការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីវិធីបំបាត់ជម្រកមូសខ្លា ព្រមទាំងបន្តចែកថ្នាំអាបេតដាក់ក្នុងពាងទឹក។ ទន្ទឹមនឹងនេះ អាជ្ញាធរក៏អំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់មូលដ្ឋានចូលរួមសម្អាតបរិស្ថានជុំវិញលំនៅឋាន លុបបំបាត់ប្រភពទឹកដក់ និងអនុវត្តវិធានការការពារកុំឱ្យមូសខ្លាខាំឱ្យបានជាប្រចាំ។
មន្ទីរសុខាភិបាលក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ថែទាំសុខភាពកូនចៅ និងសមាជិកគ្រួសារ។ ប្រសិនបើមានរោគសញ្ញាដូចជា ក្តៅខ្លួនខ្លាំង ឈឺក្បាល ឈឺសាច់ដុំ ឬមានអាការៈសង្ស័យជំងឺគ្រុនឈាម ត្រូវប្រញាប់ទៅពិនិត្យ និងទទួលការព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីបង្ការផលវិបាកធ្ងន់ធ្ងរ៕
ដោយ៖ ង៉ែត ពិសាន្ត







