Skip to main content
Preah Sihanouk Provincial Television
Log in

សម្ដេចតេជោ ហ៊ុន សែន បន្តជួបថ្នាក់ដឹកនាំមូលដ្ឋាននៅខេត្តរតនគិរី ជំរុញការបម្រើសេវាសាធារណៈ និងដោះស្រាយបញ្ហាពលរដ្ឋ

KPS99TVHistorical original · translation unavailable

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានា ក្នុងខេត្តរតនគិរី ដោយមានមន្ត្រីក្រុមប្រឹក្សាឃុំ-សង្កាត់ជាង ៨០០នាក់ ចូលរួម។

ជំនួបនេះ គឺជាលើកទី១៨ និងជារាជធានី-ខេត្តទី២១ ក្នុងដំណើរចុះជួបថ្នាក់ដឹកនាំមូលដ្ឋានទូទាំងប្រទេស ដែលសម្ដេចតេជោអនុវត្តជាប្រចាំ ដើម្បីស្តាប់របាយការណ៍ពីមូលដ្ឋាន ពិនិត្យសុខទុក្ខប្រជាពលរដ្ឋ និងជំរុញឱ្យមន្ត្រីពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។

ក្នុងឱកាសនោះ សម្ដេចតេជោបានបន្តគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍ និងការពារសិទ្ធិជនជាតិដើមភាគតិចនៅខេត្តរតនគិរី រួមទាំងការអភិរក្សប្រពៃណី វប្បធម៌ ជំនឿ និងការទប់ស្កាត់ការរំលោភបំពានដីធ្លី ស្របតាមគោលនយោបាយជាតិអភិវឌ្ឍន៍ជនជាតិដើមភាគតិច។

ខេត្តរតនគិរី ស្ថិតនៅភាគឦសាននៃប្រទេស មានចម្ងាយ ៥៨៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ ចែកជា ១ក្រុង ៨ស្រុក ៤៦ឃុំ ៤សង្កាត់ និង ២៤៣ភូមិ ប្រជាជនសរុបចំនួន ២៣៥.៨៣០នាក់។ ខេត្តមានជនជាតិដើមភាគតិចចំនួន ៨អម្បូរ ក្នុងនោះមានជនជាតិព្នង ទំពួន ចារាយ គ្រឹង ពៅ កាចក់ កាវ៉ែត ព្នង និងជនជាតិលន់ សរុបចំនួន ១៣២.១៩៩នាក់ ប្រមាណ ៥៦,០២% នៃប្រជាជនសរុបទូទាំងខេត្ត។

សម្ដេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹកឱ្យថ្នាក់ដឹកនាំ និងមន្ត្រីនៅមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងតម្រូវការរបស់ប្រជាពលរដ្ឋ ពន្លឿនការដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់គុណភាពសេវាសាធារណៈ ដើម្បីបង្កើនទំនុកចិត្ត និងកាត់បន្ថយការថ្នាំងថ្នាក់រវាងប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន។

តាមការគ្រោងទុក សម្ដេចតេជោ ហ៊ុន សែន នឹងបន្តដំណើរចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមូលដ្ឋាននៅតាមបណ្តារាជធានី-ខេត្តផ្សេងៗទៀត ដើម្បីពង្រឹងការទំនាក់ទំនង ការធ្វើគណនេយ្យភាព និងការបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព៕

ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…